(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករសម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតជ្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន (AFF Futsal Championship 2019) នៅប្រទេសវៀតណាមហើយ ខណៈការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលាខាងមុខ។

យោងតាមគេហទំព័រក្របខណ្ឌលីគបាល់ទាត់ក្នុងសាលកម្ពុជា (Cambodia Futsal) បានឲ្យដឹងថា កីឡាករ ២៥នាក់ ត្រូវបានកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ដែលចម្រាញ់ចេញពីក្លឹបសមាជិកលីគកំពូលក្នុងសាល ឆ្នាំ២០១៩ ដើម្បីត្រៀមបំពេញបេសកកម្មខាងលើ។

ការប្រកួតពានរង្វាន់ AFF Futsal Championship 2019 នេះដែរ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា គឺស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងៗ ៣ក្រុមទៀតរួមមាន ក្រុមជម្រើសជាតិក្នុងសាលថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ចំពោះកម្មវិធីប្រកួតបើកឆាក កម្ពុជា ត្រូវប៉ះថៃ នាថ្ងៃទី២១-តុលា មុនជួបមីយ៉ាន់ម៉ា នាថ្ងៃទី២២-តុលា និងចុងក្រោយជួបទីម័រ នាថ្ងៃទី២៣-តុលា។

គួរដឹងថា នេះគឺជាលើកទី៥ ក្នុងរយៈពេល ១៩ឆ្នាំ ដែលកម្ពុជាបានបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ហើយកម្ពុជា ធ្លាប់ធ្វើបានលទ្ធផលល្អបំផុតកាលពីឆ្នាំ២០០៣ និងឆ្នាំ២០០៦ ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ៤ គ្រាដែលឆ្នាំ២០១៨ កន្លងទៅ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា បានឈរបាតតារាង ក្រោយរងបរាជ័យ ៣ប្រកួតផ្ទួនៗក្នុងពូល៕