(អូស្រ្តាលី)៖ ខុសពីនៅក្នុងស្រុកខ្មែរ ដែលគ្រាន់តែជា អ្នកចម្រៀងអកកេស ហើយយូរៗម្ដងទើបមានឱកាសឡើងឆាកទូរទស្សន៍ លោក ស៊ឹម ស៊ីណាត ត្រូវបានគេចាប់អារម្មណ៍ច្រើន គ្រប់ពេលលោកបង្ហាញ វត្តមានច្រៀងរាំនៅលើទឹកដីអូស្ត្រាលី ដោយសារតែសកម្មភាពចេញសម្ដែងរបស់លោក មានការចូលរួមពីតារាចម្រៀង មានកេរ្តិ៍ឈ្មោះល្បីៗពីកម្ពុជា ជាការប្រគំតន្ត្រីធំៗរបស់សិល្បករខ្មែរនៅអូស្ត្រាលី ហើយមានអ្នកចូលទស្សនាច្រើនៗ។ ក្នុងនោះលោក លោក ស៊ឹម ស៊ីណាត និងតារាខ្មែរជាច្រើនដួងទៀត ក៏មានឱកាសបង្ហាញវប្បធម៌ខ្មែរ ដោយឈុតប្រពៃណី គួរឲ្យសរសើរផងដែរ រាល់ពេលច្រៀងរាំម្ដងៗ។

មុនចាកចេញទៅរស់នៅប្រទេសអូស្ត្រាលីតារាចម្រៀង លោក ស៊ឹម ស៊ីណាត បានប្រកាសយ៉ាងក្ដែងៗថា លោកនឹងបាត់សកម្មភាពពីការងារសិល្បៈ ដោយមិនដឹងពេលណា នឹងមានសកម្មភាពលើវិស័យមួយនេះ ឲ្យខ្លាំងដូចដើមនោះទេ ក្នុងពេលដែលលោកទៅរស់នៅទីនោះ ក៏ត្រូវគេឃើញបំពេញការងារផ្សេងៗ ដាច់ឆ្ងាយពីច្រៀងរាំដែរ​។ យ៉ាងណាមិញ ផ្ទុយពីអ្វីដែលបានប្រកាស លោកបែរជាមានឱកាសសម្ដែងជាមួយតារាល្បីៗ ពីកម្ពុជាស្ទើររកពេលសម្រាកមិនបាន ជាពិសេសក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ មុននេះតែម្ដង។

យោងតាមគណនេយ្យហ្វេសប៊ុក លោក ស៊ឹម ស៊ីណាត កាន់តែកាក់កបខ្លាំង ជាមួយនឹងការងារចេញសម្ដែងនាពេលចុងក្រោយ ខុសស្រឡះពីពេលលោកទៅរស់នៅ ប្រទេសអូស្រ្តាលីភ្លាមៗ។ លោកត្រូវគេឃើញសកម្ម ក្នុងការច្រៀងរាំតាំងពីអំឡុងមុនបុណ្យភ្ជុំ ខណៈដែលអំឡុងបុណ្យភ្ជុំ និងក្រោយភ្ជុំ លោកកាន់តែសកម្មនឹងការចេញសម្ដែង។ ធៀបនឹងទីផ្សារសិល្បៈនៅកម្ពុជា តារាចម្រៀង​រូបនេះ ក្ដោបក្ដាប់បានសំណាងចេញច្រៀងតាមបណ្ដារដ្ឋ និងក្រុង នៅក្នុងប្រទេសអូស្ត្រាលី ឡើងកាលីបជាងនៅកម្ពុជានោះផង។

លោក ស៊ឹម ស៊ីណាត ទទួលស្គាល់ថា ក្នុងមួយរយៈចុងក្រោយការងារសិល្បៈរបស់លោក ​ពិតជាមានម្ចាស់ស្ពុនស័រច្រើនឡើង ទាក់ទងអោយចេញសម្ដែងតាមបណ្ដារដ្ឋ ផ្សេងៗនៅលើទឹកដីអូស្ត្រាលីពិតមែន ចាប់តាំងពីម្ចាស់ស្ពុនស័រដឹងថា លោកគឺជាតារាចម្រៀង ហើយកំពុងរស់នៅអូស្ត្រាលីស្រាប់។ យ៉ាងណាមិញលោកថា មិនបានបោះបង់ការងារខាងក្រៅនោះទេ ដោយនៅតែទហ្វឹកហាត់ការងារផ្នែកចុងភៅ និងការងារផ្សេងៗ បន្ថែមពីលើសិល្បៈដដែល បើទោះជាការងារសិល្បៈកាន់តែមមាញឹក។

ជាក់ស្ដែង លោក ស៊ឹម ស៊ីណាត ទើបតែត្រូវបានស្ពុនស័រទាក់ទង ឲ្យចេញសម្ដែងជាមួយតារាចម្រៀង​ស្រីល្បីឈ្មោះ២ដួង គឺស្រីស្អាត រតនៈ ពិសី ដែលជាតារាចម្រៀងថោន និង កញ្ញា សន ផល្លីកា តារាចម្រៀងហង្សមាស ដែលទើបទៅដល់អូស្ត្រាលីកាល ពីមុនភ្ជុំក្នុងកុងត្រា៣ខែនោះផង។ លោក ស៊ឹម ស៊ីណាត បន្តថា លោកពិតជាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានប្រឡូកការងារសិល្បៈ នៅលើទឹកដីអូស្ត្រាលី ក្នុងពេលដែលលោកស្មានថា ទៅដល់ទីនោះ ប្រហែលមហាជនភ្លេចមុខ ព្រោះតែដាច់ឆ្ងាយពីសិល្បៈ។

លោកកាន់តែជាប់ចិត្ត នៅពេលចេញច្រៀងម្ដងៗ ជួបសុទ្ធតែតារាៗជាមិត្តក្នុងអាជីពដូចនៅស្រុកខ្មែរ និងបានស្គាល់ខ្មែរច្រើនរដ្ឋ ជាពិសេសបានមកឃើញផ្ទាល់ភ្នែកថា ទីអារាមខ្មែរនៅអូស្ត្រាលី ក៏មានសកម្មភាពធ្វើបុណ្យធ្វើទាន និងស្រស់ស្អាតដូចវត្តនៅកម្ពុជាដែរ នាអំឡុងភ្ជុំបិណ្ឌកន្លងទៅ។ លោកមិនទាន់មានគម្រោងចុះមកលេងស្រុកនោះទេ ក្នុងពេលមិនទាន់ទទួលបានកាតចេញចូល ឬ​សញ្ជាតិពីអូស្ត្រាលី៕