(ភ្នំពេញ)៖ បើនិយាយពីកញ្ញា ថោង ម៉ាឡា ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយ​ ព្រោះនាងកំពុងតែចូលរួមក្នុងកម្មវិធីសម្រស់លំដាប់ថ្នាក់ពិពភលោក «Miss Earth International» ២០១៩ នៅប្រទេសហ្វីលីពិន ដែលមានជិត៩០ប្រទេសចូលរួម។ បវរកញ្ញាតំណាងប្រទេសកម្ពុជារូបនេះ កំពុងតែត្រូវបានមហាជនចាប់អារម្មណ៍ជាច្រើន ជាមួយនឹងការបង្ហាញខ្លួនលើឆាកអន្តរជាតិពេលនេះ។ តែយ៉ាងណា នាងមានអាថ៌កំបាំងមួយចំនួននៅពីក្រោយ ដោយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា បានឲ្យដឹងថាពេលមុនជាកីឡាការិនីបាលទាត់ តែពេលនេះស្រាប់តែផ្លាស់ប្តូរទាំងស្រុង មកធ្វើជាតារាម៉ូដែលពាក់ស្បែកជើងកែងចោត បង្ហាញម៉ូតលើឆាកអន្តរជាតិ។ តើការផ្លាស់ប្តូរនេះ មានភាពខុសប្លែកគ្នាយ៉ាងណា សម្រាប់បវរកញ្ញារូបនេះ?

តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ថោង ម៉ាឡា បានឲ្យដឹងថា តាមពិតទៅកាលនៅក្មេង នាងគឺជាកីឡាការិនីបាល់ទាត់មួយរូប ដែលលេងតំណាងឲ្យខេត្តកណ្តាល មានចំណងចំណូលចិត្តស្រឡាញ់វិស័យកីឡា ព្រោះតែតាំងពីតូចមក បរិយាកាសខាងក្រៅពីពោរពេញដោយកីឡាតែម្តង ដោយសារបងប្អូនសុទ្ធតែជាអ្នកកីឡា។ កញ្ញាថា តាមពិតទៅនាងជាប្អូនស្រីជីដូនមួយ​ លោកប្រាក់ មុន្នីឧត្តម អ្វីដែលពិសេសកាលនៅក្មេង នាងធ្លាប់មានបំណងបំណងចង់ធ្វើជាកីឡាការិនីជម្រើសជាតិទៀតផង។ តែយ៉ាងណា ហាក់ផ្លាស់ប្តូរទាំងស្រុង ដោយមកធ្វើជាតារាបង្ហាញម៉ូតតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិវិញម្តង។

កញ្ញា ថោង ម៉ាឡា បានប្រាប់ពីភាពខុសប្លែករវាងការធ្វើជាកីឡាបាល់ទាត់ មកជាកញ្ញាឯកថា ដំបូងឡើយមានភាពលំបាកជាខ្លាំង ព្រោះធ្លាប់តែពាក់ស្បែកជើងកីឡា រត់លើតារាងបាល់ទាត់ ប្រៀបបាននឹងមនុស្សប្រុស មានភាពរឹងមាំ បញ្ចេញកំលាំងពលកម្ម តែពេលនេះ បែរមកពាក់ស្បែកជើងកែងដើរលើកម្រាលព្រំក្រហម មានអារម្មណ៍ជាស្ត្រីម្នាក់ដែលទន់ភ្លន់។ នាងថា ពេលខ្លួនឯងអាចផ្លាស់ប្តូរបានដូចបច្ចុប្បន្ននេះ មានគ្រប់គ្នាទាំងបងប្អូន និងមិត្តភ័ក្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កញ្ញាបន្ថែមថា កាលដែលជាកីឡាការិនី មានចរិតស្រដៀងមនុស្សប្រុស ទាំងការតុបតែងខ្លួនជាដើម តែពេលធ្វើបវរកញ្ញា គឺខុសប្លែកខ្លាំងតែម្តង ដោយចេះពាក់ស្បែកជើងកែ ចេះតុបតែងខ្លួន ប្តូរកាយវិការ ចរិតលក្ខណៈឲ្យសមជាមនុស្សស្រីជាដើម។ បើនិយាយឲ្យចំទៅដំបូងឡើយ គឺមិនចូលចិត្តពាក់ស្បែកជើងកែងនោះទេ ព្រោះពេលពាក់ទៅមានអារម្មណ៍ថា ជាមនុស្សស្រីអែនអន តែដោយសារមានការជំរុញ និងផ្តល់កំលាំងចិត្ត ពីមនុស្សជុំវិញខ្លួនទើបមានថ្ងៃនេះ។

គួរជម្រាបថា ថោង ម៉ាឡា បច្ចុប្បន្នកំពុងបំពេញបេសកម្មនៅប្រទេសហ្វីលីពីន ក្នុងការធ្វើជាតំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធី «Miss Earth International» ២០១៩។ កញ្ញាថា សម្រាប់ឈុតសម្លៀកបំពាក់តំណាងជាតិ ដែលនឹងត្រូវយកទៅបង្ហាញមានឈ្មោះថា «ទេពធីតារំដួល» ដែលជ្រើសរើសយកផ្កាតំណាងជាតិមកធ្វើ។ តំណាងឲ្យស្រី្តខ្មែរ ដែលមានភាពស្រស់ស្អាត ទន់ភ្លន់ និងក្រអូប។ លើសពីរូបសម្រស់ ផ្ការំដួល ក៏អាចយកទៅធ្វើជាឱសថបុរាណសម្រាប់ព្យាបាលជំងឺផ្សេងៗផងដែរ ដូចជាការធ្វើជា ថ្នាំជំនួយបេះដូង ជំនួយឈាមជាដើម។ ជាពិសេស គឺនិយាយពីពូជស្រូវផ្ការំដួលតែម្តង។ ទាំងនេះជាអត្ថន័យនៃ ឈុតសម្លៀកបំពាក់ «ទេពធីតារំដួល»៕