(ភ្នំពេញ)៖ ជាការពិត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាខ្មែរ គេសង្កេតឃើញ បងប្អូនប្រជាជនខ្មែរ ពិសេសអ្នកសិល្បៈ បានឈប់សម្រាកក៏ដូចជាបានផ្អាកពីការងារ ដើម្បីយកពេលវេលា ទៅជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូននៅឯស្រុកកំណើត។ ប្លែកអីតែតារាចម្រៀង សម្លេងស្រដៀង និងតារាចម្រៀងជើងថា លោកយាយ ហួយ មាស គឺ មាស អាលីស បែរជាត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពិសេសគឺអ្នកម្ដាយ ដោយនាងត្រូវចេញទៅសម្ដែងនៅឯសហរដ្ឋអាមេរិក រយៈពេល៦ខែ ដូច្នេះធ្វើឲ្យខកខានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

យោងតាមគណនីហ្វេសប៊ុករបស់ តារាចម្រៀង​ស្រីស្រគត់ស្រគំ កញ្ញា មាស អាលីស បាន​បង្ហោះសារ «ថាទប់ទឹកភ្នែកមិនបាន..និយាយៗក៏ស្រក់មកឯង៨នាទីនៃវិដេអូខ្លី ដែលបង្ហាញពីអារម្មណ៍នឹករលឹក នឹងក្តីស្រលាញ់របស់កូនស្រីចំពោះអ្នកម្តាយ រួមជាមួយបទចម្រៀងសរសេរចេញ ពីអារម្មណ៍របស់កូនចំពោះម្តាយ»

ក្នុងនោះ តារាចម្រៀងរូបនេះ បានភ្ជាប់ជាមួយនឹងវីដេអូ រៀបរាប់ទាំងអួលដើម ក​ ថា នាង​មក​សម្តែង​នៅ​សហរដ្ឋអាមេរិក​បាន​៣​ខែ​ហើយ ដោយ​បញ្ចប់​ការងារ​នេះ​ នៅ​ចុងឆ្នាំ​២០១៩ វិល​មក​វិញ។ នាង​បាន​ផ្ញើ​ក្តី ​នឹករលឹក​ដល់​អ្នកគាំទ្រ​ដោយ​ថែម​ទាំង​សម្តែង​នូវ​ពាក្យពេចន៍​មួយ​ចំនួន​ថា នៅ​ទី​នេះ​នាង​សុខ​សប្បាយ​ជា​ធម្មតា ព្រោះ​មាន​បងប្អូន​ខ្មែរ​ទទួល​កក់ក្តៅ​ដូច​កូន​ដូច​ចៅ។ ប៉ុន្តែ​អ្វី​ដែល​នាង​មិន​អាច​បំភ្លេច​បាន ការ​នឹករលឹក​ដល់​សាច់ញាតិ ​របស់​ដែល​មិន​បាន​ជួបជុំ​ធ្វើបុណ្យ​ពេលរ​ដូ​ល​ភ្ជុំ ពិសេស​អ្នក​ម្តាយ​ដែល​តស៊ូ​មើលថែ​កូន​ៗ​ រហូត​ទោះ​ហត់នឿយ ។

កញ្ញា មាស អាលីស បានផ្ដាំផ្ញើថា សូម​យុវវ័យ​ទាំងឡាយ​គោរព​ឪពុក​ម្តាយ​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​ធ្វើ​អ្វី​ៗ​ដែល​ល្អ​ឲ្យ​គាត់​សប្បាយចិត្ត​ខិតខំ​រៀន ដើម្បី​អនាគត​ជៀសវាង​បាត់បង់​នាំ​ឲ្យ​សោកស្តាយ​ពេញ​មួយ​ជីវិត។

គួរជម្រាបថា តារាចម្រៀងកញ្ញា មាស អាលីស បានចាកចេញពីស្រុកកំណើត ទៅសម្ដែងនៅសហរដ្ឋអាមេរិក រយៈពេល៦ខែ ជារយៈពេលដែលនាងត្រូវចាកឆ្ងាយពីគ្រួសារ ហើយថែមទាំងចំឱកាសបុណ្យភ្ជុំបិណ្ឌទៀត ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះ បង្ហូរទឹកភ្នែកតាមរយៈវីដេអូ ផ្ញើជូនអ្នកម្ដាយ នៅឯស្រុកកំណើត៕