(ភ្នំពេញ)៖ ដូចតាមការសន្យាកន្លងមក លោក Eno ថានឹងនិពន្ធចម្រៀងមួយបទឲ្យ អតីតបេក្ខនារី X Factor Cambodia លៀង ចាន់ឡា បន្ទាប់ពីនាង​បានប្រឡងធ្លាក់ក្នុងកម្មវិធីខាងលើ។ តែយ៉ាងណាពេលនេះ លោកបានសម្រេចសន្យាហើយ ដោយចេញចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្ត្រី» ច្រៀងដោយតារាចម្រៀងពន្លកថ្មី លៀង ចាន់ឡា។

បទចម្រៀង «ស្ត្រី» រាប់រៀបពីអ្វីដែលស្ត្រីគ្រប់រូបចង់បាន និងភាពលំបាកនានា ដែលមនុស្សស្រីភាគច្រើនបានឆ្លងកាត់ ធ្វើឲ្យទស្សនិកជនដែលស្តាប់ហើយ ស្លុងអារម្មណ៍​នឹងបទនេះតែម្តង។ ព្រោះវាជាប្រភេទបទមនោសញ្ចេតនា រួមផ្សំនឹងទឹកដមសំនៀងរបស់ ចាន់ឡា ពិរោះត្រូវនឹងបទប្រភេទនេះផងនោះ រឹងតែធ្វើឲ្យចម្រៀង​មួយនេះមានទម្ងន់តែម្តង។

ភ្ជាប់ជាមួយការបង្ហោះបទចម្រៀងនេះ លោក Eno បានសរសេរសារយ៉ាងដូច្នេះថា៖ «ថ្ងៃនេះជាថ្ងៃដែល ប៉ាម៉ាក់ខ្ញុំផ្តល់កំណើតឲ្យខ្ញុំ សូមគោរពអរគុណ លោកប៉ាអ្នកម៉ាក់​ដែលបីបាច់ថែរក្សារកូនបានយ៉ាងល្អ ហើយឱ្យកូនមានថ្ងៃនេះ។ ចំណងដៃថ្ងៃនេះ ខ្ញុំសូមផុសបទភ្លេងថ្មីមួយបទ ដែលជាការនិពន្ធទំនុកច្រៀង និង Melodyថ្មី ដោយខ្ញុំបាទ​ផ្ទាល់រួ​ម​ជាមួយក្រុមការងារ Original របស់ខ្ញុំបាទផងដែរ»

ចង់ដឹងថា ចម្រៀងដែលជាស្នាដៃដំបូងរបស់ ចាន់ឡា ពិរោះកម្រិតណានោះ សូមរីករាយស្តាប់ដូចតទៅ៖