(មីឡាន)៖ យោងតាមប្រភពសារព័ត៌មាន Dailymail ចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi នៃក្លឹប FC Barcelona បំណងចង់បញ្ចប់អាជីពបាល់ទាត់ជាមួយក្រុមនៅស្រុកកំណើត Newell’s Old Boys ដែលជាក្លឹបដំបូង ដែលរូបគេចូលប្រឡូកក្នុងវិស័យបាល់ទាត់។

បុរសវ័យ ៣២ឆ្នាំមានកូន ៣នាក់ខាងលើនេះចង់វិលទៅកាន់ Newell’s Old Boys របស់ប្រទេសអាហ្សង់ទីនវិញ ជាទីដែលធ្លាប់លេងនៅទីនោះរយៈពេល ៦ឆ្នាំ កាលឆ្នាំ១៩៩៤ មុនពេលសម្រេចចិត្តមកចូលរួមជាក្រុមអេស្ប៉ាញ FC Barcelona កាលឆ្នាំ២០០១ ក្នុងវ័យ ១២ឆ្នាំ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅពេលកីឡាករពាក់លេខ១០ ក្នុងក្លឹប Barcelona ឡើងទទួលបានកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៩ របស់ FIFA (The Best FIFA Award 2019) កាលរាត្រីអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង Milan ប្រទេសអ៊ីតាលី។

Messi បានថ្លែងថា «អ្វីដែលខ្ញុំតែងតែនិយាយនោះ គឺជាក្តីសុបិនពាក់អាវក្រុម Newell ម្តងទៀត ទាំងខ្ញុំមិនទាន់ដឹងថា នឹងកើតឡើងយ៉ាងម៉េចនោះ។ ខ្ញុំមិនដែលភ្លេចទេ ព្រោះវាជាសុបិនតាំងពីតូចរបស់ខ្ញុំ»

បន្ថែមលើនេះ Messi ក៏បានបញ្ជាក់ពីភាពមិនច្បាស់ក្នុងការកា្លយជាគ្រូបង្វឹកទៅថ្ងៃអនាគត ក្រោយពេលបញ្ចប់អាជីពជា កីឡាករ ក៏ប៉ុន្តែរូបលោកបានបង្ហើបពីគោលបំណងចង់ធ្វើការជាមួយក្មេងក្នុងក្លឹបនោះដែរ តាមរយៈបង្វឹកពួកគេប្រសិនបើអាចទៅរួច ដែលអាចនិយាយបានថា វាប្រហែលអាចកើតឡើងក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខទៀត។

គួរបញ្ជាក់ផងថា គិតមកទល់បច្ចុប្បន្ន Messi ក្រោយចាកចេញពីក្រុម Newell’s Old Boys មកកាន់ទឹកដី Camp NOu របស់ Barcelona បានឈ្នះពានធំៗជាច្រើនរួមមាន Champions League ៤ដង ពានលីគកំពូលអេស្ប៉ាញ La Liga ១០ដង ពាន UEFA Best Player in Europe Award ២ដង និងពានបាល់មាស ៥ដង និងពានក្នុងការបង្ហាញខ្លួនឲ្យក្រុមអេស្ប៉ាញ ៦៨៩ប្រកួត និង ៦០៣គ្រាប់ផងដែរ៕