(ភ្នំពេញ)៖ តារាបង្ហាញម៉ូតរូបស្រស់ ដែលធ្លាប់ជាបវរកញ្ញាគ្រងមកុដជ័យលាភីលេខ២ (first runner up) នៃការប្រកួត (Miss Universe Cambodia ២០១៩) កញ្ញា ថោង ម៉ាឡា នឹងធ្វើជាតំណាងកម្ពុជាចេញទៅប្រកួតក្នុងកម្មវិធី «Miss Earth International» ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនខាងមុខនេះ។ តែយ៉ាងណាមុនចេញទៅប្រកួត នាងនឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី​ «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបង្ហាញជូនដល់ទស្សនិកជនថា តើនាងនឹងយកអ្វីទៅខ្លះ ដើម្បីបង្អួតពិភពលោក។

កញ្ញា ថោង ម៉ាឡា គឺជាតារាបង្ហាញម៉ូដមួយរូប ទើបតែមានអាយុ ២០ឆ្នាំ មានស្រុកកំណើត មកពីខេត្តកណ្តាល ដែលបវរកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០១៩ រូបនេះ ពិតជា​មានរូបសម្បត្តិស្រស់ស្អាត ពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ មានឱកាសចេញទៅប្រកួត (Miss Earth International ២០១៩) នៅប្រទេសហ្វីលីពីន។

លើសពីនេះទៅទៀត កញ្ញា ថោង ម៉ាឡា ចង់ចូលរួមក្នុងការជួយអភិរក្សបរិស្ថាន ដោយលើកកម្ពស់ការកាត់ បន្ថយការប្រើប្រាស់ផ្លាស្ទិក និងការសិក្សាកែច្នៃប្រើឡើងវិញ។ ដោយ​ឡែក ប្រិយមិត្តទស្សនិកជនបានសម្ដែង នូវក្ដីសាទរ ដល់ស្រីស្អាតរូបនេះ និងចូលរួមលើកទឹកចិត្ត ដល់កញ្ញា ថោ ម៉ាឡា ឲ្យប្រឹងប្រែងក្នុងការប្រកួត ដើម្បីទទួលបានជយលាភី មកជូនជាតិមាតុភូមិវិញផងដែរ។

យ៉ាងណាមិញ រាល់ចម្ងល់របស់មហាជន ទាក់ទងនឹងការងារផ្ទាល់ខ្លួន និងការត្រៀមខ្លួននានក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិ ថោង ម៉ាឡា នឹងមកបង្ហាញដល់ទស្សនិកជន តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅចុងសប្តាហ៍នេះ ដើម្បីឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការ ផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោងដដែល៕