(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ សិល្បករ-សិល្បការិនីរៀមច្បង និងចាស់ជរា ២៥រូប ទទួលបានការឧបត្ថម្ភជាពិសេស ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ ជួយសម្រាលទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសសិល្បករ សិល្បការិនី ក្នុងឱកាសពិធីបុណ្យជាតិធំៗម្ដងៗ។

តាមរយៈការបង្ហោះឲ្យដឹងមុននេះ ក្នុងហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង អ្នកគ្រប់គ្រងទូទៅសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា «សិល្បករ-សិល្បការិនី រៀមច្បង ២៥រូបត្រូវបានទទួលការឧបត្ថម្ភពីសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​, ក្នុង១នាក់​ ទទួលបានថវិកា​ ៤០ម៉ឺនរៀល អង្ករ១បាវ មី១កេះ និងត្រីខ១យួរ តាមរយៈមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តប្រាសាទ»។

លោក ហេង ឡុង បានសរសេរបន្តថា «សិល្បករ-សិល្បការិនី​ ខ្ញុំបាទ​ និងក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មីនេះ​ (ភ្ជុំបិណ្ឌ) យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា សិល្បករ-សិល្បការិនី រៀមច្បងចាស់ទាំង ២៥រូបនោះ រួមមាន លោកព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ, តារាកំប្លែងនាយ ចេក, លោក សួស សងវាចា, ពៅ ថាវី ហៅយាយពៅ,​ យាយផល្លា, នាយត្រដក់ និងតារាចាស់មួយចំនួនទៀត៕