(ក្រុងតូរីន)៖ ក្រុមសេះបង្កង់ Juventus បានវាយបកឈ្នះក្រុមម្ចាស់ផ្ទះ Brescia ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅឈរនៅកំពូលតារាងនៃ Serie A វិញ បើទោះបីជាកីឡាករពាក់លេខ៧ Cristiano Ronaldo អវត្តមានក៏ ដោយនាយប់មិញនេះ។

ការប្រកួតសម្រាប់ជើងទី១ នៃសប្តាហ៍ទី៥ លីគកំពូលអ៊ីតាលី Serie A ក្រុមការពារតំណែងជើងឯក Juventus បានភ្លាត់ស្នៀតរបូត ១គ្រាប់ត្រឹមចាប់ផ្តើមលេងបាន ៤នាទីប៉ុណ្ណោះពីការធ្វើបានសម្រេចដោយកីឡាករ Donnarumma តែត្រូវបានក្រុមរបស់លោក Maucio Sarri វាយបកបាន ២គ្រាប់វិញនៅនាទីទី៤០ នាទី៦៣ ពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Chancellor និង Miralem Pjanic។

៣ពិន្ទុបន្ថែមក្រៅដីនេះដែរ បានធ្វើឲ្យ Juventus រកបានជ័យជម្នះលើកទី៤ ក្រៅពីស្មើ១ ក្នុងចំណោម ៥ប្រកួតនៅ Serie A និងឡើងទៅនៅកំពូលតារាងបណ្តោះអាសន្នផងដែរ ដោយមាន ១៥ពិន្ទុនាំមុខក្រុមលេខ២ Inter Milan ដែលមាន ១២ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃ។

ក្នុងជំនួបនោះដែរ ពុំមានវត្តមាន Ronaldo ឡើយ សូម្បីតែក្នុងចំណោមកីឡាករបម្រុង ដោយសារតែមានបញ្ហារបួស ខណៈខ្សែប្រយុទ្ធ Balotelli ត្រូវបានដាក់ចូលលេងលើកដំបូងក្នុងក្លឹប Brescia ជាមួយនឹងឱកាសដ៏ច្រើនផងដែរ ក្រោយផ្ទេរចេញពីក្លឹបបារាំង Marseille ដោយជាប់បម្រាម ៤ប្រកួតផងនោះ៕