(បាសេឡូណា)៖ ក្រុមការពារតំណែងជើងឯក FC Barcelona រកបាន ៣ពិន្ទុនៅកីឡដ្ឋាន Camp Nou ពេលយកឈ្នះ Villarreal ២-១ នាយប់មិញនេះនៅ La Liga ស្របពេលដែល កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi បានរងរបួសភ្លៅជាថ្មី ពីការចូលលេងលើកដំបូងនៅលីគកំពូលអេស្ប៉ាញ។

២គ្រាប់ជ័យជម្នះរបស់ Barcelona ពីការធ្វើបានសម្រេចដោយកីឡាករ Antoine Griezmann នៅនាទីទី៦ ដែលជាគ្រាប់បាល់ទី៣ របស់កីឡាករសញ្ជាតិបារាំងរូបនេះ ក្រោយផ្ទេរចេញពីក្លឹបរួម La Liga, Altetico Madrid នារដូវកាលថ្មីនេះ មុនពេលមិត្តរួមក្រុម Arthur រកបានគ្រាប់នាំមុខទី២ នៅនាទីទី១៥ និង Cazorla រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវ Villarreal នៅនាទីទី៤៤ ប៉ុណ្ណោះ។

ទន្ទឹមគ្នានោះដែរ កីឡាករខ្សែប្រយុទ្ធស្នូល Lionel Messi មានបញ្ហារបួសភ្លៅជាថ្មីទៀត បន្ទាប់ពីទើបជាសះស្បើយពី បញ្ហារបួសក្រលៀន និងចូលលេងបាន ២ប្រកួតប៉ុណ្ណោះរដូវកាលថ្មីឆ្នាំ២០១៩-២០២០ ពោលគឺនៅពេល Barcelona លេងស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Borussia Dortmund នៅ UEFA Champions League និងយប់មិញនេះ ត្រូវប្តូរ ចេញវិញនៅដើមវគ្គទី២ ក្នុង La Liga។

ការចូលលេងមិនពេញម៉ោងយប់មិញនេះដែរ បានធ្វើឲ្យកីឡាករអន្តរជាតិអាហ្សង់ទីន Messi ចូលលេងបាន ៤០០ប្រកួតនៅ La Liga ក្នុងក្លឹប FC Barcelona គិតចាប់តាំងពីបានចូលរួមជាមួយក្លឹបស្ថិតនៅតំបន់ Catalan មួយនេះកាលឆ្នាំ២០០១ កន្លងទៅ៕