(មីឡេន)៖ Megan Rapinoe ខ្សែបម្រើប្រយុទ្ធវ័យ ៣៤ឆ្នាំរបស់អាមេរិក ត្រូវបានបោះឆ្នោតជាប់ជាកីឡាការិនីលេងល្អបំផុតប្រចាំឆ្នាំ២០១៩ របស់ FIFA ក្រោយជួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិកឈ្នះជើងឯក World Cup 2019 នៅប្រទេសបារាំងកាលខែកក្កដាកន្លងទៅ។

ខ្សែប្រយុទ្ធពាក់លេខ១៥ Rapinoe មានពិន្ទុនាំមុខគូប្រជែង Lucy Bronze របស់អង់គ្លេស មកពីក្លឹប Lyon និងមិត្តរួម ជាតិ ខ្សែប្រយុទ្ធជួរមុខ Alex Morgan ក្នុងការបោះឆ្នោតជុំផ្តាច់ព្រ័ត្រ ៣នាក់ចុងក្រោយនៃកម្មវិធីដែលត្រូវបានធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី រាត្រីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

Rapinoe ត្រូវបានផ្តល់កិត្តិយសប្រគល់ពាន Best Women’s Player award ដោយប្រធាន FIFA លោក Gianni Infantino ដែលជាពានឯកធំបំផុតរបស់នាងក្នុងអាជីពបាល់ទាត់ បន្ទាប់ពីឈ្នះពានបាល់មាស Golden Ball ក្នុងព្រឹត្តិការណ៍ World Cup 2019 ផងនោះ និងគ្រូបង្វឹក លោកស្រី Jill Ellis វ័យ ៥៣ឆ្នាំឈ្នះពានគ្រូបង្វឹកល្អ ដោយបានដឹកនាំ ក្រុមបាល់ទាត់ស្រ្តីអាមេរិកឈ្នះជើងឯក World Cup ២សម័យកាលជាប់គ្នាក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩។

បន្ថែមលើនេះ Megan Rapinoe ក៏ត្រូវបានជ្រើសរើស ក្នុងចំណោមកីឡាការិនី ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០១៩ ផងដែរ គ្រាដែល Alex Morgan ជាខ្សែប្រយុទ្ធល្អ និង Lucy Bronze នៅតែជាខ្សែការពារមិនអាចខ្វះបានដដែល៕