(ក្រុងមីឡេន)៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពាន Best FIFA Football Award 2019 បន្ទាប់ពីមានពិន្ទុនាំមុខគូប្រជែងខ្សែការពារ Virgil van Dijk របស់ក្លឹប Liverpool និង Cristiano Ronaldo របស់ Juventus។

នេះជាពានកីឡាករលេងល្អបំផុតប្រចាំឆ្នាំលើកទី៦ ដែលកីឡាករវ័យ ៣២ឆ្នាំ សញ្ជាតិអាហ្សង់ទីន Messi ធ្លាប់ឈ្នះ ក្នុងកម្មវិធីដែលត្រូវបានធ្វើឡើងនៅទីក្រុង Milan នៃប្រទេសអ៊ីតាលីនាយប់មិញនេះ គិតចាប់តាំងពីបានឈ្នះដំបូងក្នុង ឆ្នាំ២០០៩ ២០១០ ២០១១ ២០១២ និងឆ្នាំ២០១៥។

កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ នៃក្លឹប FC Barcelona របស់អេស្ប៉ាញ ស៊ុតបញ្ចូលទីបាន ៥៤គ្រាប់ ពីការចូលលេង បាន ៥៨ប្រកួត បូករួមទាំងក្រុមជម្រើសជាតិពពកសអាហ្សង់ទីនផងដែរក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ បន្ទាប់ពីជួយ ក្លឹបនៅតំបន់ Catalan ឈ្នះជើងឯក La Liga និងឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League ទៀតផង ក្រៅពីបានជួយជម្រើសជាតិឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃពាន Copa America 2019 នៅប្រទេសប្រេស៊ីល។

សម្រាប់គូប្រជែងចាស់ ដែលមានវ័យ ៣៤ឆ្នាំ Ronaldo វិញ គឺរកបាន ៣១គ្រាប់ពីការចូលលេងបាន ៤៧ប្រកួត ជួយក្រុមអ៊ីតាលី Juventus ឈ្នះជើងឯក Serie A បន្ថែមនឹងការជួយជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯក UEFA Nations League ក្នុងទឹកដីផងដែរ គ្រាដែលខ្សែការពារហូឡង់ Virgil van Dijk ជួយ Liverpool ឈ្នះជើងឯក UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ និងបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៅ Premier League៕