(ភ្នំពេញ)៖ ជ្រាំងអណ្ដាតជាជំងឺមួយប្រភេទ ដែលបណ្ដាលមកពីការរលាក ផ្នែកស្រទាប់ស្ដើងនៅលើអណ្ដាត ឬក្នុងមាត់ទៅលើភ្នាសស្ដើង តាមអញ្ចាញធ្មេញ ក្រអូមមាត់ បបូរមាត់ និងផ្នែកផ្សេងទៀតក្នុងមាត់ ទោះមានមេរោគក្ដី គ្មានមេរោគក្ដី ប៉ុន្ដែករណីបង្កដោយ មេរោគនឹងធ្វើឲ្យក្មេងក្តៅខ្លួនខ្លាំងផងដែរ។

ចំពោះជំងឺជ្រាំងអណ្ដាត អាចបណ្ដាលមកពីជំងឺផ្សិតផ្សេងៗ និងអាចបង្កដោយមេរោគឱកាសនិយមមួយចំនួន ប្រសិនបើមានការរលាកខ្លាំង ធ្វើឲ្យក្មេងញ៉ាំអាហារមិនបាន បៅមិនកើត។

ករណីនេះអាចធ្វើឲ្យក្មេងឈាន ទៅរកជំងឺមួយប្រភេទទៀត គឺជំងឺខ្វះអាហារូបត្ថម្ភ។ ជាទូទៅជំងឹជ្រាំងអណ្ដាតច្រើន កើតលើកុមារអាយុក្រោមប្រាំឆ្នាំ ហើយរោគសញ្ញាជំងឹជ្រាំងអណ្ដាត អាចចាប់ផ្ដើមឲ្យអាណាព្យាបាលឃើញ តាមរយៈការកើតឡើងនូវសភាពក្រហម និងមានលេចឡើងលក្ខណៈក្ដាំងសៗ លើអណ្ដាតធ្វើឲ្យឈឺផ្សាខ្លាំងលើអណ្ដាត ហៀរទឹកមាត់ ក្ដៅខ្លួន យំច្រើន មិនចង់ញ៉ាំអាហារមិនចង់បៅជាដើម។

ក្នុងករណីធ្ងន់ធ្ងរ ក្មេងអាចមានអាការក្អួតចង្អោរ ប្រេះអណ្ដាត និងចេញឈាមលើបបូរមាត់តិចៗផង បើការរីករាលដាលលឿន ជំងឺជ្រាំងអណ្ដាតអាចធ្វើឲ្យមាត់កុមាររលួយ ធុំក្លិនស្អុយទៀតផង។

១៖ ការកើតមានជម្ងឺជ្រាំងអណ្ដាត គឺអាចបណ្ដាលមកពីកត្ដាផ្សេងៗដូចជា

កុមារខ្វះវីតាមីន ពិសេសវីតាមីនសេ វីតាមីនបេ ជាតិស័ង្កសី ជាតិដែក អាស៊ីតហ្វូលីកជាដើម, មានអាការក្តៅក្នុងខ្លាំង លេចចេញជាពងបែក មានការរលាកក្នុងមាត់ និងលើអណ្ដាត, ការប្រើប្រាស់ថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិកញឹកញាប់រយៈពេលយូរនឹងអាចបង្កើតជាជំងឺផ្សិតមួយចំនួនដុះសៗតាមបបូរមាត់, ការចាប់ផ្ដើមរលាកបន្ដិចបន្ដួចដោយមូលហេតុផ្សេងៗអាចនឹងក្លាយជាជំងឺជ្រាំងអណ្ដាតបានប្រសិន បើមានមេរោគជ្រៀតចូល ហើយអាណាព្យាបាលមិនយកចិត្ដទុកដាក់ ឬប្រញាប់ព្យាបាលទាន់ពេល។

២៖ ផលវិបាកជំងឺជ្រាំងអណ្ដាត កុមារដែលកើតមានជំងឺជ្រាំងអណ្ដាត គឺមានផលវិបាកជាច្រើន ដែលនឹងកើតឡើងមួយចំនួន

ក្មេងក្ដៅខ្លួនគ្រុន យំច្រើន ដែលរំខានដល់ពេលវេលាប្រកបអាជីវកម្ម ការងារផ្សេងៗរបស់អាណាព្យាបាល និងសមាជិកដទៃទៀតក្នុងគ្រួសារ, ក្មេងបៅមិនកើត ឬបៅបានតិចតួច ជាហេតុធ្វើឲ្យកុមារមានសុខភាពមិនល្អ ស្រកទម្ងន់, កុមារនឹងមានក្អួត បើសិនជាមិនបានព្យាបាលត្រឹមត្រូវទេនោះ, កុមារនឹងញ៉ាំអាហារមិនបានដោយសារឈឺអណ្ដាត និងមាត់របស់វា, នៅទីបំផុតកុមារអាចមានជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយអាចស្លាប់បានដោយសារជំងឺកង្វះអាហារូបត្ថម្ភ, ជំងឺជ្រាំងអណ្ដាតមិនអាចឆ្លង និងធ្វើឲ្យដំបៅក្បាលសុដន់របស់ម្ដាយទេ។ ប៉ុន្ដែបើសិនជាមានការបំបៅក្មេងដទៃទៀត តាមក្រោយ ក្មេងដែលមានជំងឺជ្រាំងអណ្ដាត ដោយមិនបានលាងសម្អាតក្បាលដោះជាមុននោះក្មេងទីពីរ អាចឆ្លងជំងឺជ្រាំងអណ្ដាតបានផងដែរ។

៣៖ ការព្យាបាលជំងឺជ្រាំងអណ្ដាតមាន២របៀបក្នុងនោះរួមមាន

* វិធីព្យាបាលសាមញ្ញដែលអាណាព្យាបាលអាចធ្វើបាន ការព្យាបាលគឺអាចចាប់ផ្ដើមពីអាណាព្យាបាលផ្ទាល់ដោយ ម្ដាយត្រូវសម្អាតមាត់កូនដែលមានជំងឺតាមវិធីដូចខាងក្រោម៖ ដាំទឹកឲ្យពុះហើយទុកឲ្យនៅក្ដៅឧណ្ហៗ, បង់អំបិលស្អាតទៅក្នុងទឹកក្ដៅឧណ្ហៗនោះឲ្យប្រៃល្មម, យកក្រណាត់ទន់ៗស្អាត ដែលបានស្ងោរសម្លាប់មេរោគហើយមកជ្រលក់ទឹកអំបិលក្ដៅឧណ្ហៗនោះជូតសម្អាតក្នុងមាត់ លើអណ្ដាតឲ្យបានញឹកញាប់អាចពីបួនទៅប្រាំមួយដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនអាចជូតខ្លាំងពេកទេព្រោះធ្វើឲ្យអណ្ដាតកុមារឈឺឬចេញ ឈាមបាន។ ផ្ទុយទៅវិញបើលោកអ្នកយកក្រណាត់មិនស្អាត ឬមិនបានសម្លាប់មេរោគជាមុនទេនោះការសម្អាតនោះនឹងក្លាយជាការ ចម្លងមេរោគ និងធ្វើឲ្យជំងឺជ្រាំងលើទារកកាន់តែធ្ងន់ធ្ងរថែមទៀត។

* វិធីព្យាបាលតាមបែបវេជ្ជសាស្ដ្រ៖ ការព្យាបាលតាមបែបវេជ្ជសាស្ដ្រ ជាសមត្ថកិច្ចរបស់គ្រូពេទ្យជំនាញ ក្នុងនោះការព្យាបាលមានទាំងប្រើថ្នាំជូតសម្អាតក្នុងមាត់ លើអណ្ដាត ពិសេសកន្លែងមានដំបៅជ្រាំង និងមានទាំងថ្នាំលេបតាមកម្រិតជំងឺធ្ងន់ធ្ងរ ឬក៏ស្រាល។ ការព្យាបាលនេះអាចជាសះស្បើយក្នុងអំឡុងពេលមួយសប្ដាហ៍។

៤៖ វិធីបង្ការជំងឺជ្រាំងអណ្ដាត

* ករណីបំបៅកូនដោយទឹកដោះ ម្ដាយត្រូវទទួលទានអាហារឲ្យបានគ្រប់គ្រាន់ និងមានវីតាមីនច្រើនប្រភេទដើម្បីការពារ ការកើតមានជំងឺពងបែក ឬរលាក ដែលបណ្ដាលឲ្យកើតជ្រាំងអណ្ដាត។ កុមារដែលអាចញ៉ាំអាហារបានគួរឲ្យចំណីអាហារដែលមាន ជីវជាតិគ្រប់គ្រាន់ ដូចជាជាតិសាច់ ត្រី បន្លែពណ៌បៃតងចាស់ និងផ្លែឈើពណ៌លឿងទុំ និងចំណីអាហារមានជាតិវីតាមីនច្រើនប្រភេទ។ លើសពីនេះត្រូវមានអនាម័យល្អផងដែរ។

សូមបញ្ជាក់ផងដែរថា ដំបូន្មានអ្នកជំនាញម្ដាយតែងមានការងារ ក្នុងផ្ទះច្រើនជាងសមាជិកដទៃទៀតក្នុងគ្រួសារ ដូច្នេះការមើលថែទាំកូនត្រូវ តែមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នា ដើម្បីសុខភាពកូនៗរបស់ លោកអ្នកជាពិសេសការធ្វើអនាម័យ ឲ្យបានស្អាតបាតដើម្បីចៀសផុតពីជំងឺផ្សេងៗ៕

ប្រិយមិត្តអ្នកអានចង់ជ្រាបព័ត៌មានសុខភាព មាតា និងទារក សូមចូលទៅកាន់ហ្វេសប៊ុក Royal Ausnz Cambodia ឬគេហទំព័រ www.royalausnzcambodia.com