(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal រកបាន ៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន តាមរយៈវាយបកឈ្នះគូប្រជែង Aston Villa ក្នុងលទ្ធផល ៣-២ នៅ Premier League បើទោះបីជានៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះចាប់តាំងពី តង់ទី១ មកម្ល៉េះ។

ក្រុមរបស់លោក Unai Emery បានលេងនៅសល់តែសមាជិក ១០នាក់ប៉ុណ្ណោះចាប់ពីនាទីទី៤១ មក ក្រោយពេល មិត្តរួមក្រុម Maitland-Niles ត្រូវបានពិន័យកាតក្រហម (កាតលឿង ២ដង) ពោលគឺនៅក្រោយពេល McGinn បានស៊ុតគ្រាប់នាំមុខឲ្យ Aston តាំងពីនាទីទី២០ និង Wesley រកបានគ្រាប់ទី២ ទៀតនៅនាទី៦០។

យ៉ាងណាក៏ដោយ ភាពសប្បាយបានកើតឡើងវិញ នៅពេលដែល Pepe បានប៉េណាល់ទីគ្រាប់តាមស្មើ ១-១ ឲ្យ Arsenal វិញនៅនាទី៥៩ រំលងបានតែ ១នាទីប៉ុណ្ណោះ មុនពេលរបូតគ្រាប់ទី២ តែត្រូវបាន Chambers រកបានគ្រាប់ តាមស្មើទៀតនៅនាទី៨១ និងគ្រាប់ជ័យជម្នះសម្រេចដោយកីឡាករជនជាតិកាបុង Aubameyang ក្នុងនាទី៨៤ ដែល ជាគ្រាប់បាល់ទី៧ របស់គេផងដែរ ក្នុងចំណោម ៦ប្រកួតបើករដូវកាលនៅ Premier League នេះ។

១ប្រកួតបន្ទាប់ Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រុម Nottingham Forest ក្នុងពានលំដាប់ទី៣ អង់គ្លេស League Cup ជុំទី៣ នៅរាត្រីថ្ងៃអង្គារ គ្រាដែល Aston Villa នឹងធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះ Brighton នៅថ្ងៃដូចគ្នាផងដែរ៕