(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២៣ នេះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា បានចាញ់ក្រោមថ្វីជើងរបស់ក្រុមចំណូលថ្មីមកពីខេត្តតាកែវ គិរីវង់សុខសែនជ័យក្នុងលទ្ធផល ២-១ នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញាកន្លងទៅនៅកីឡដ្ឋានអគ្គិសនីកម្ពុជា។

ទាក់ទៅនឹងការប្រកួតរបស់ក្រុមទាំងពីរ តង់ទី១ អគ្គិសនីកម្ពុជា បាននាំមុខមុន១គ្រាប់និងបានស៊ុតបញ្ចូលទីដោយកីឡាករ ណុប ដេវីត ពាក់លេខ៨ នៅនាទីទី៤។ ចូលដល់តង់ទី២ ក្រុមភ្ញៀវគិរីវង់សុខសែនជ័យ បានវាយបកយក ២គ្រាប់វិញ និងគ្រាប់ទី១ បានទាត់បញ្ចូលទីដោយកីឡាករ REIYA KONISHITA ពាក់លេខ៦ នាទីទី៤៦ និងគ្រាប់ទី២ ស៊ុតចូលដោយកីឡាករ ឆឺង សុផាន្នី ពាក់លេខ១៤ នៅនាទីទី៨២ និងបានធ្វើឲ្យក្រុមទទួលបានជ័យជម្នះផងដែរ។

អគ្គិសនីកម្ពុជា សប្តាហ៍ទី២២ បានចាញ់ក្រុមសូលទីឡូអង្គរ នៅក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា កន្លងទៅ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តសៀមរាប។ អគ្គិសនីកម្ពុជា ឆ្លងកាត់២៣ប្រកួតកន្លងមកនេះ ឈ្នះ ៥ដង ស្មើ១ដង និងចាញ់១៧ដង និងបានឈរនៅចំណាត់ថ្នាក់លេខ១២ មាន១៦ពិន្ទុ។

ចំណែកឯកក្រុម គិរីវង់វិញ សប្តាហ៍ទី២២ បានយកឈ្នះក្រុមភ្នំពេញក្រោន នៅក្នុងលទ្ធផល ៣-២ ម្សិលមិញ ក្នុងទឹកដីនៃកីឡដ្ឋានគិរីវង់សុខសែនជ័យតែម្តង។ ក្រុមមកពីតាកែវមួយនេះ បានឆ្លងកាត់២៣ប្រកួតដូចគ្នា ឈ្នះ១០ដង ស្មើ១ដង និងចាញ់១២ដង ដោយឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ៣១ពិន្ទុ៕