(ភ្នំពេញ)៖ ជំនួបដ៏ជក់ចិត្ត ២គូក្នុងសប្ដាហ៍ទី២៣ នៃលីគកំពូលកម្ពុជា (MCL) ត្រូវបានបង្ខំចិត្តលើកពេលការប្រកួតកាលពីល្ងាចមិញ ក្រោយមានភ្លៀងខ្លាំងមិនអាចបន្ដការប្រកួតបាន ពោលគឺក្រុមវិសាខា ប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានវិសាខា និងក្រុមក្រសួងការពារជាតិ ជួបក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានស្ដាតចាស់។

សម្រាប់ការប្រកួតដ៏ទាក់ទាញដែលចាប់ផ្ដើមប្រកួតក្នុងម៉ោង ៦ល្ងាចដំណាលគ្នាខាងលើ គ្រាន់តែអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ជាការប្រកួត ភ្លៀងក៏បង្អុរធ្លាក់យ៉ាងខ្លាំង។ ក្រោយដំណើរការប្រកួតបាន ២២នាទី ដោយភ្លៀងនៅបន្ដធ្លាក់ឥតស្រាន គណៈកម្មការក៏សម្រេចលើកពេលប្រកួតតែម្ដង បន្ទាប់ពីមានការពន្យាពេលរយៈពេល ៣០នាទី ២ដងរួចមក។

បន្ទាប់ពីមានការសម្រេចលើកពេល គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក៏បានជូនដំណឹងនូវកាលបរិច្ឆេទថ្មី សម្រាប់ក្រុមខាងលើធ្វើការប្រកួតផងដែរ ពោលគឺលើកមកប្រកួតថ្ងៃនេះ ដោយក្រសួងការពារជាតិ ត្រូវជួបភ្នំពេញក្រោន នាវេលាម៉ោង ៣៖៣០នាទីរសៀល ខណៈវិសាខាត្រូវបន្ដបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ល្ងាចដដែល។

ចំពោះគូជក់ចិត្តខាងលើនេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង សម្រាប់អ្នកគាំទ្រ គឺជំនួបរវាងក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង ដែលត្រូវបានគេចាត់ទុកជាជំនួបផ្ដាច់ព្រ័ត្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលទាមទារឈ្នះ ដើម្បីធានាការលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ទោះបីនៅសល់ ៣ប្រកួតទៀតក្ដី តែនេះគឺជាការប្រកួតដ៏ធំ និងសំខាន់របស់ពួកគេ ស្របពេលស្វាយរៀង កំពុងមានពិន្ទុនាំមុខគូប្រជែង ៨ពិន្ទុឯណោះ។

គួរបញ្ជាក់ថា តាមការប្រកួតជាង ២២នាទីកាលពីម្សិលមិញ នៅមិនទាន់មានក្រុមណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ហើយថ្ងៃនេះ គណៈកម្មការបានសម្រេចនឹងឲ្យបន្ដការប្រកួតតែម្ដង ដើម្បីចម្រាញ់រកក្រុមឈ្នះ។ ចំពោះលទ្ធផលកាលពីជើងទី១ វិញ វិសាខា បានចាញ់ព្រះខ័នរាជស្វាយរៀង ក្រៅដី ៥-៣ គ្រាដែលភ្នំពេញក្រោន បានយកឈ្នះក្រសួងការពារជាតិ ៣-១៕