(ក្រុងដូហា)៖ Xavi Hernandez អ្នកចាត់ការទូទៅនៃក្លឹប Al-Sadd លេងក្នុងលីគកំពូលនៃប្រទេសកាតាបច្ចុប្បន្ន បានបង្ហាញចំណាប់អាម្មណ៍ចង់ដឹកនាំក្លឹបចាស់ FC Barcelona ដើម្បីបានធ្វើការរួមជាមួយអតីតមិត្តរួមក្រុម Sergio Busquets, Luis Suarez និង Lionel Messi ជាដើម។

អតីតកីឡាករខ្សែបម្រើប្រយុទ្ធ Barcelona សញ្ជាតិអេស្ប៉ាញខាងលើនេះបានឆ្លើយតបទៅអ្នកសារព័ត៌មាន BBC ថា «វាគ្មានបញ្ហានោះទេ ក្នុងការដឹកនាំ Barcelona។ ផ្ទុយទៅវិញ ជាវាបទពិសោធន៍ និងវាស់ស្ទង់សមត្ថភាពទៅវិញ ប្រសិនបើបានធ្វើការនៅ Camp Nou»

គួររំលឹកផងថា បុរសវ័យ ៣៩ឆ្នាំ Xavi បានសម្រេចចិត្តចាកចេញពីក្លឹប FC Barcelona នៅឆ្នាំ២០១៥ ក្រោយចប់កិច្ច សន្យានៅកីឡដ្ឋាន Camp Nou ដើម្បីផ្លាស់ទៅលេងឲ្យក្លឹប Al-Sadd និងបង្វឹកក្រុមនេះតែម្តង ក្រោយពេលប្រកាស ចូលនិវត្តន៍ពីកីឡាករអាជីព ដែលបានជួយឲ្យក្លឹបលេងនៅលីគកំពូលកាតាខាងលើនេះ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League ឆ្នាំ២០១៩ នេះផងដែរ។

Xavi ក៏ជាកីឡាករចេញពីឈុតយុវជន Barcelona ដូចទៅនឹងមិត្តរួមក្រុម Lionel Messi ផងដែរ ដែលបង្ហាញខ្លួនឲ្យ ក្លឹបនៅតំបន់ Catalan មួយនេះបានចំនួន ៦៤២ប្រកួត និងរកបាន ៨២គ្រាប់។ Xavi ក៏ជាកីឡាករនិម្មិតរូបដែលបាន ជួយអេស្ប៉ាញបំបែកប្រវត្តិសាស្រ្ត តាមរយៈឈ្នះជើងឯក World Cup 2010 លើកដំបូង ជាមួយនឹងឈ្នះពានអឺរ៉ុប UEFA Euro បាន២សម័យផងដែរក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២៕