(ភ្នំពេញ)៖ ផលិតករល្បីឈ្មោះលោក អុិន សុភិន ចាកចេញទៅប្រទេសរុស្សុី ដើម្បីចេញទៅប្រជុំពាក់ព័ន្ធនឹងមុខជំនួញក្រុមហ៑ុនដឹកជញ្ជូនរបស់លោក កាលពីល្ងាចថ្ងៃទី២២ កញ្ញានេះ។ ក្នុងពេលវេលាជាន់គ្នានោះ ក្រុមបាល់ទាត់មហាហង្ស ដែលបង្កើតឡើងដោយផលិតកររូបនេះផ្ទាល់ ក៏ទទួលបានពានជើងឯក ពីការប្រកួតដ៏ស្វិតស្វាញផងដែរ។

លោក អុិន សុភិន បានបង្ហោះរូបភាពពីការហោះហើរទៅកាន់ប្រទេសរុស្សុី ខណៈដែលក្រុមបាល់ទាត់មហាហង្ស All Stars របស់លោកក៏ត្រូវគេឃើញថាបានក្លាយជាអ្នកលើកពាន នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់លោក សុខសុវណ្ណវឌ្ឍនាសាប៑ុង ដែលមានរហូតដល់ ៣២ក្រុមចូលរួម។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា៨ពូលហើយមានការប្រកួតចាញ់ធ្លាក់ៗ និងប្រកួតខ្វែងពូលជាច្រើនដំណាក់កាល ប៉ុន្តែក្រុមមហាហង្សនៅតែមានសំណាងឡើងប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាម្ចាស់មេដាយមាស និងពានជើងឯក។ ម្នាក់ៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលប្តធានក្រុមស្ថិតក្នុងដំណើរចាកចេញទៅក្រៅប្រទេស ចំណែកកូនក្រុមទទួលបានជោគជ័យក្នុងការលើកពានក្នុងពេលវេលាស្របគ្នា។

លោក អុិន សុភិន បានថ្លែងក្នុងពេលយន្តហោះចុះចតនៅម៉ាឡេសុី មុនបន្តទៅប្រទេសរុស្សុីថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលត្រូវដឹកនាំក្រុមការងារទៅប្រជុំពីមុខជំនួញផ្គត់ផ្គង់សេវាដឹកជញ្ជូន ប៉ុន្តែកូនក្រុមរបស់លោក ស្រាប់តែបានលើកពាន។ លោកបន្តថា មុនឡើងយន្តហោះមួយថ្ងៃ លោកបានទៅគាំទ្រកូនក្រុមទាំងភ្លៀង ហើយលោកមិននឹកស្មានថាក្រុមបាល់ទាត់មហាហង្សក្លាយជាលើកពាននៅក្នុងការប្រកួតនេះទេ ដោយសារតែការប្រកួតទាំងមូលមានច្រើនក្រុម ហើយសុទ្ធតែក្រុមល្អ។ លោកកាន់តែសប្បាយចិត្ត នៅពេលអ្នកចាំទីក្នុងក្រុមរបស់លោក ត្រូវបានអ្នករៀបរាប់ចាត់ទុកជាអ្នកចាំទីឆ្នើម។ លោកថាខ្លួនទៅរុស្សុីប្រជុំបន្ទាន់ បើកុំដូច្នេះលោកពិតជាបានអបអរដោយផ្ទាល់ដល់កូនក្រុមដែលខំប្រឹងប្រែងរហូតលើកពាន។

យ៉ាងណាមិញលោកថា ក្រោយត្រឡប់មកវិញនៅថ្ងៃទី២៨ កញ្ញា លោកនឹងរកឱកាសជប់លៀងអោយកីឡាករបាល់ទាត់ទាំងអស់ ដើម្បីលើកទឹកចិត្តដល់បុគ្គលិករបស់ផលិតកម្មទាំងនោះផង៕