(ភ្នំពេញ)៖ កញ្ញា ប៉ូ គីមថេងសុធីតា គឺជាតារាបង្ហាញម៉ូតមួយរូប ដែលមានរូបសម្រស់ស្រស់សោភា និងមានទេពកោសល្យលើវិស័យម៉ូដែលច្រើន រួមផ្សំនឹងចំណេះដឹងទូទៅទូលំទូលាយ ស័ក្តសមតំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ។ យ៉ាងណាមិញ នៅថ្ងៃទី២៦ខាងមុខនេះ កញ្ញា នឹងធ្វើជាបវរកញ្ញាតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន។ ទន្ទឹមគ្នានេះ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News កញ្ញា ថានឹងនាំយករបាំប្រពៃណីខ្មែរ និងឈុតតំណាងជាតិ មានឈ្មោះថា «ស្បៃធំ» ទៅបង្ហាញលើឆាកអន្តរជាតិក្នុងកម្មវិធីដែលនាងចូលរួមនៅពេលខាងមុខនេះ។

ជាក់ស្តែង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា ប៉ូ គីមថេងសុធាតា បានឲ្យដឹងថា រហូតមកទល់នឹងសព្វថ្ងៃនេះ មានបានហ្វឹកហាត់ ក៏ដូចជាត្រៀមនូវសមត្ថភាពដើរម៉ូត ចំណេះដឹងទូទៅ ទាំងផ្នែកភាសា បានរួចរាល់អស់ហើយ ដើម្បីបង្កើនភាពជឿជាក់ក្នុងការតំណាងកម្ពុជា ចេញទៅប្រកួតកម្មវិធី «កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិក» ឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន។ តើកញ្ញា នឹងនាំយកអ្វីខ្លះទៅបង្ហាញក្នុងកម្មវិធីនេះ?

ពិតណាស់ខាងក្រោមនេះជាអ្វីដែលនាងនឹងនាំយក ដើម្បីបង្អួតលើឆាកអន្តរជាតិ៖

១. របាំប្រពៃណីខ្មែរ៖ កញ្ញា ប៉ូគីមថេងសុធីតា បានបង្ហាញថា កញ្ញានឹងនាំយករបាំប្រពៃណីខ្មែរទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រាប់លំដាប់ពិភពលោក កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន។ កញ្ញានាង មានភាពជឿងជាក់ក្នុងការបង្ហាញរបាំប្រពៃណីខ្មែរ លើឆាកអន្តរជាតិ ដោយសារតែធ្លាប់ហាត់រៀនតាំងពីក្មេង។ អ្វីដែលពិសេស បច្ចុប្បន្នក៏កំពុងយកចិត្តទុកដាក់ក្នុងការហាត់បន្ថែមផងដែរ។ ដោយមានការបង្ហាត់បង្រៀនពីអ្នកគ្រូមកពីសាលាវិចិត្រសិល្បៈ។

២. ឈុតតំណាងជាតិ ដែលមានឈ្មោះថា «ស្បៃធំ»៖ ជាទូទៅការប្រកួតលំដាប់ពិភពលោក តែងតែមានការបង្ហាញឈុតតំណាងជាតិ របស់ប្រទេសនីមួយៗហើយ។ សម្រាប់ កញ្ញា ប៉ូ គីមថេងសុធីតា បានឲ្យដឹងថា នឹងយកឈុត «ស្បៃធំ» តំណាងឲ្យឈុតតំណាងជាតិ។ ព្រោះឈុតនេះ ជាឈុតដែលនារីរបាំគ្រង ពេលរាំរបាំថ្វាយស្តេច។ កញ្ញា មានភាពជឿជាក់ថា ឈុតនេះមានភាពលេចធ្លោរ ព្រោះមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរចនាឡើងជាពិសេស សម្រាប់យកទៅបង្ហាញក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នេះ។

ជាការគត់សម្គាល់ កញ្ញា ប៉ូ គីមថេងសុធីតា ធ្លាប់បានទៅបង្ហាញសមត្ថភាពក្នុងកម្មវិធីបង្ហាញម៉ូតលក្ខណៈអន្តរជាតិជាច្រើនមកហើយ។ បើគេនៅចាំមិនភ្លេច កាលពីឆ្នាំ២០១៧ នាងបានទៅប្រកួតក្នុងកម្មវិធី «Miss Tourism Word» នៅប្រទេសចិន ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមបេក្ខនារីមកពីជិត៧០ប្រទេស។ ក្នុងឆ្នាំ២០១៨ នាងក៏ធ្វើជាតារាម៉ូដែលតំណាងកម្ពុជា ទៅបង្ហាញខ្លួននៅបរទេសផងដែរ។ ដោយឡែក សម្រាប់ឆ្នាំ ២០១៩ ដែលនឹងតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នឹងរំពឹងថានឹងមានភាពលេចធ្លោរក្នុងកម្មវិធីនោះ តាមរយៈបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ និងការហ្វឹកហាត់កន្លងមក។

គួរជម្រាបថា កញ្ញា ប៉ូ គីមថេងសុធីតា នឹងចេញទៅប្រកួតក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពី នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ។ កញ្ញា សំណូមពរឲ្យបងប្អូនខ្មែរ ចូលរួមគាំទ្រឲ្យបានច្រើន តាមរយៈការបោះឆ្នោតគាំទ្រលើបណ្តាញសង្គម៕