(ក្រុងឡុងដ៍)៖ ២គ្រាប់បញ្ចូលទីពីសំណាក់កីឡាករខ្សែការពារ Alexander-Arnold នៅនាទី១៤ និងខ្សែប្រយុទ្ធ Roberto Firmino នាទី៣០ ពីជ័យជម្នះផ្លូវការ ២-១ ទៅលើម្ចាស់ផ្ទះ តោខៀវ Chelsea ធ្វើឲ្យក្រុមហង្សក្រហម Liverpool បន្តឈរនៅកំពូលតារាង Premier League ក្នុងចំណោម ៦ប្រកួតមិនចាញ់ និងស្មើឡើយ។

ក្រុមរបស់លោក Jurgen Klopp បានចាប់ផ្តើមនៅរដូវកាលថ្មីឆ្នាំ២០១៩-២០២០ លេងល្អ ១០០% តាមរយៈ ៦ប្រកួត ក្នុងជើងទី១ នៅ Premier League មិនទាន់ចាញ់ និងស្មើក្រុមណានោះទេ ក្រៅពីរកបាន ១៨ពិន្ទុពេញបន្តឈរនៅ កំពូលតារាងដ៏រឹងមាំ និងនាំមុខក្រុមលេខ២ Manchester City រហូតដល់ ៥ពិន្ទុថែមទៀតផង បើទោះបីជាក្រុមការពារជើងឯកមួយនេះ (Man City) បំបាក់ Watford ៨-០ កាលពីរាត្រីថ្ងៃសៅរ៍ក៏ដោយ។

យ៉ាងណាក៏ដោយ កីឡាករខ្សែបម្រើប្រយុទ្ធ Kante ជាអ្នករកបានតែ ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge ដែលជាការបរាជ័យលើកទី២ របស់ពួកគេក្នុងចំណោម ៦ប្រកួត ឈ្នះ២ ស្មើ២ដូចគ្នា រកបាន ៨ពិន្ទុឈរនៅលេខរៀងទី១២ បណ្តោះអាសន្ន ក្រោមការបង្វឹកដោយផ្ទាល់ពីអតីតកីឡាករ Frank Lampard។

១ប្រកួតបន្ទាប់បស់ Liverpool ត្រូវប៉ះក្រុមលេងនៅ League One, MK Dons នារាត្រីថ្ងៃពុធ ក្នុងព្រឹត្តិការណ៍ពានលំ ដាប់ទី៣ អង់គ្លេស League Cup គ្រាដែលតោខៀវ Chelsea ត្រូវបន្តធ្វើម្ចាស់ផ្ទះ ដើម្បីទទួលក្រុមមកពី League Two, Grimsby នៅថ្ងៃដូចគ្នានោះដែរ៕