(ភ្នំពេញ)៖ ជាការពិត រូបសំណាកតារាចម្រៀងស្រីល្បីឈ្មោះ ខេមរៈ សិរីពៅ ត្រូវបានបង្ហាញឡើង ទោះបីជានាង បានស្លាប់បាត់បង់ជីវិតទៅហើយក្ដី ប៉ុន្តែក្រុមគ្រួសារ និងតារាចម្រៀង ខេមរៈ សិរីមន្ត បានឲ្យវិចិត្រករ កសាងជារូបសំណាករបស់នាងឡើង ដើម្បីថែរក្សាទុក និងបានបង្ហាញដល់សាធារណៈជន ឲ្យបានដឹង។ ក្នុងនោះផងដែរ ក៏មានមតិមហាជនខ្លះ បានលើកឡើងថា មិនដូច និងខ្លះទៀតថាដូចរូបពិត។

យោងតាមរយៈ គណនីហ្វេសប៊ុក របស់តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា «រូបសំណាក ខេមរៈ ស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំ នឹងប៉ាម៉ែ រួមទាំងបងប្អូនទាំងអស់គ្នា ពេលនេះរួចរាល់ហើយ ថ្វីត្បិតប្អូនស្រីខ្ញុំ មិននៅតែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនឹងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីង ដែលគាត់ស្រលាញ់គាំទ្រប្អូនស្រី គឺនៅឋិតថេរជារៀងរហូត សូមប្អូនបានទៅដល់ឋានសួគ៌»

យ៉ាងណាមិញ បន្ទាប់ពីលោក ខេមរៈ សិរីមន្ត បានបង្ហាញឲ្យសាធារណៈជន បានឃើញពីរូបសំណាក ប្អូនស្រីដែលត្រូវបានវិចិត្រករ ស្ថាបនាឡើងនោះរួចហើយ ស្រាប់តែមានមតិមហាជនមួយចំនួន លើកឡើងថា មិនសូវដូចជារូបរាងពិតប៉ុន្មានឡើយ ប៉ុន្តែក៏មានមតិភាគច្រើន ក៏បានពោលថា ពិតជាស្រស់ស្អាតនិងដូចរូបពិត របស់តារាចម្រៀង ខេមរៈ សិរីពៅ។

ក្នុងនោះក៏មានទស្សនិកជន អ្នកគាំទ្របានកោតសរសើរ នូវក្ដីស្រលាញ់របស់ តារាចម្រៀងខេមរៈ​ សិរីមន្ត និងក្រុមគ្រួសារ ទោះបីជាកញ្ញា ខេមរៈ សិរីពៅ បានស្លាប់បាត់បង់ជីវិតទៅហើយក្ដី ប៉ុន្តែនៅតែចងចាំពីសមាជិកម្នាក់ ដែលតែងតែផ្ដល់នូវក្ដីស្រលាញ់អស់ពីបេះដូង ថែមទាំងកសាងទុកជានិមិត្តរូប សម្រាប់ក្រុមគ្រួសារទាំងមូល ទោះបីជារូបពិតបានឃ្លាតឆ្ងាយ ពីក្រុមគ្រួសារទៅហើយក្ដី តែការចងចាំ និងក្ដីស្រលាញ់នៅតែដិតជាប់នៅក្នុងអារម្មណ៍របស់ក្រុមគ្រួសារ។

ពិតជាគួរឲ្យកោតសរសើរ ដល់ក្រុមគ្រួសាររបស់តារាចម្រៀង លោក ខេមរៈ​ សិរីមន្ត បានកសាងរូបសំណាកប្អូនស្រី គឺកញ្ញា ខេមរៈ សិរីពៅ ទុកជានិមិត្តរូប ខណៈដែលតារាចម្រៀងផ្សេងទៀត ដែលមានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជា ដែលបានស្លាប់បាត់បង់ទៅជីវិតទៅ នៅមិនទាន់មានអ្នកណាកសាងរូបសំណាកទុក ជានិមិត្តរូប ដើម្បីជាការគោរពបូជា និងជាកេរ្តិ៍ដំណែលសម្រាប់ឲ្យបងប្អូនជំនាន់ក្រោយបានស្គាល់ នូវអតីតតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា បើគិតមកទល់ពេលនេះ តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពរយៈពេលជិតមួយឆ្នាំហើយ ពោលគឺនាងបានទទួលមរណភាព នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសារជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ៕