(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាលក្នុងកម្មវិធី «Miss Grand Cambodia» សម្រាប់ឆ្នាំ២០១៩នេះមក ពេលនេះរកឃើញម្ចាស់ជ័យលាភីឯកហើយ គឺកញ្ញា ដេត ស្រីនាថ។ ក្រោយទទួលបានជ័យជំនះលេខ១ ក្នុងកម្មវិធីប្រកួតក្នុងស្រុក កញ្ញា នឹងតំណាងកម្ពុជាសម្រាប់ឆ្នាំ ២០១៩ នេះ ទៅប្រកួត «Miss Grand International» 2019 នៅប្រទេសវេណេហ្សូអេឡា នៅថ្ងៃខាងមុខ។

ជាការកត់សម្គាល់ កញ្ញា ដេត ស្រីនាថ មានអាយុ១៨ឆ្នាំ​ កម្ពស់ ១៦៥cm សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១២ នៅសាលា អន្តរទ្វីបអាមេរិកាំង AIS និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ មិនតែប៉ុណ្ណោះ កញ្ញាត្រូវបានគេដឹងថាអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ មានចំណេះដឹងទូទៅទូលំទូលាយ សាកសមជាបវរកញ្ញាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។ ងាកមកសមត្ថភាពផ្នែកសិល្បៈវិញ កញ្ញា ដេត ស្រីនាថ ចេះរាំរបាំបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីព្យាណូ និងដើរម៉ូត បានយ៉ាងល្អថែមទៀត។ ចំណុចពិសេសទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន សម្តែងនូវការពេញចិត្ត និងមានភាពជឿជាក់លើរូបនាង ក្នុងការតំណាងកម្ពុជា ទៅប្រកួត «Miss Grand International» 2019 នៅប្រទេសវេណេហ្សូអេឡា នៅថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។

មតិរបស់មហាជនគ្រប់រូប សុទ្ធសឹងតែបានលើកឡើងស្រដៀងគ្នាថា កញ្ញា ដេត ស្រីនាថ ដែលជា «Miss Grand Cambodia» ២០១៩ បានទាំងរូបសម្រស់ ចំណេះដឹង និងទេពកោសល្យសិល្បៈ ស័ក្តសមចេញទៅប្រកួតកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ។ ការលើកឡើងបែបនេះ បន្ទាប់ពីនាងទទួលជយលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី «Miss Grand Cambodia» ២០១៩ នៅរាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

គួរជម្រាបថា សម្រាប់កម្មវិធី «Miss Grand Cambodia» ២០១៩ ក្រៅពីកញ្ញា ដេត ស្រីនាថ ទទួលបានជ័យលាភីលេខ១ មានកញ្ញា សាន ស៊ីវលីង ទទួលជ័យលាភីលេខ២ និងកញ្ញា ទូច ម៉េងលាង ទទួលបានជ័យលាភីលេខ៣៕