(ភ្នំពេញ)៖​ បន្ទាប់ពីទទួលបានការចាប់អរម្មណ៍ ក្នុងបទ «អាចរួមទុក្ខ ហេតុអ្វីមិនអាចរួមសុខ» រួចមក លោក ជា សុភា បានបញ្ចេញស្នាដៃ២បទថ្មីទៀតហើយ ដោយបទចម្រៀងទាំងពីររបស់លោក គឺមួយបទនិយាយពីញើសឈាមពលករដែលខំតស៊ូ ដើម្បីគ្រួសារ និងមួយបទទៀតរៀបរាប់ពីការជួបជុំរបស់បងប្អូនខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ចម្រៀងទាំង២បទរបស់លោក ជា សុភា ដែលចេញបង្ហោះទាំង២បទនោះ សុទ្ធតែជាស្នាដៃតែងនិពន្ធរបស់លោក វិរៈ ពន្លក ដែលជាអ្នកនិពន្ធចម្រៀងឆ្នើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយស្នាដៃរបស់លោក បានជួយឲ្យតារាចម្រៀងច្រើននាក់រួចមកហើយល្បីឈ្មោះ។ បទចម្រៀងទាំង២បទនោះ គឺបទ «ញើសឈាមពលករ» និងបទ «ទិដ្ឋភាពស្រុកស្រែនាពេលភ្ជុំបិណ្ឌ»។ បទចម្រៀងក្ដៅៗរបស់លោក កំពុងកញ្ជ្រោលអារម្មណ៍អ្នកគាំទ្រ ឲ្យចូលស្ដាប់ក្រោយការបង្ហោះលើឆាណែលយូធូប ក្នុងចំនួនច្រើនភ្លាមៗតែម្ដង​ ដោយសារតែបទចម្រៀងនេះ ទាំងពីរោះ និងមានអត្ថន័យ។

ខ្លឹមសារបទចម្រៀងរបស់លោក ហាក់បុកត្រូវទឹកចិត្តពលករ និងកម្មករ ជាពិសេស គឺបងប្អូនអ្នករស់នៅស្រុកស្រែចម្ការភាគច្រើននោះផង ទើបគ្រាន់តែចេញបង្ហោះភ្លាម ក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់តែម្ដង មិនចាញ់បទ «អាចរួមទុក្ខ ហេតុអ្វីមិនអាចរួមសុខ» ដែលល្បីក្នុងស្រទាប់មហាជន យ៉ាងកក្រើកនោះ។ ជាមួយនឹងវត្តមានបទថ្មីទាំង២ លោក ជា សភា ក៏ត្រូវគេកោតសរសើរថា ជាតារាចម្រៀងពន្លកថ្មីដែលមានសំណាង ដែលមានអ្នកនិពន្ធមានសមត្ថភាព រង់ចាំផលិតបទឲ្យបណ្ដាក់គ្នា ដែលផ្ទុយពីតារាចម្រៀងមួយចំនួន ដែលចេញបទច្រើន តែរកបទដែលជួយឲ្យពួកគេទទួលបានការគាំទ្រខ្ពស់ ក្នុងរយៈពេលខ្លីបែបនេះមិនបាន៕