(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលថត បទចម្រៀងហាលភ្លៀងហាលថ្ងៃ តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ចេញ MV បទ «ក្រមុំស្រុកស្រែ» ដែលជាបទនិពន្ធថ្មីរបស់ខ្លួន ជាផ្លូវការហើយ។ នេះជាបទដែលឆ្លុះបញ្ចាំងពីប្រពៃណីខែភ្ជុំវេចនំខ្មែរ ដែលត្រូវនឹងបរិបទរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលបទចម្រៀងនេះ ក៏មានសាច់រឿងឆ្លុះបញ្ចាំងពីជីវភាពអ្នកស្រុកស្រែ និងពីទំនៀមទំលាប់វេចនំខ្មែរ បន្ថែមពីលើការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នារដូវភ្ជុំ។
អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា ដើម្បីអបអរបុណ្យភ្ជុំ អ្នកនាងមានតែបទ «ក្រមុំស្រុកស្រែ» ទុកជាចំណងដៃប៉ុណ្ណោះ ដោយបទចម្រៀងនេះ អ្នកនាង គឺជាអ្នកចំណាយផលិតទាំងស្រុង ព្រោះតែស្រលាញ់តែម្ដង។ អ្នកនាងថា ខ្លួននៅតែមិនអាចដាច់ឆ្ងាយពីសិល្បៈដែលធ្លាប់ជ្រោមជ្រែង អោយអ្នកនាងមានថ្ងៃនេះនោះទេ ទើបអ្នកនាងនៅតែក្រវែលៗនឹងសិល្បៈ បើទោះជាអ្នកនាងមានមុខរបរ និងមានជីវភាពមួយល្អប្រសើរទៅហើយ។
អ្នកនាងបានទាំងរំពឹងថា បទចម្រៀង «ក្រមុំស្រុកស្រែ» នឹងជួយអំពេរអារម្មណ៍បងប្អូនខ្មែរទាំងក្នុងស្រុក ជាពិសេសអ្នករស់នៅក្រៅប្រទេស អោយបាត់នឹកស្រុកនោះផង៕