(ភ្នំពេញ)៖ តារាចម្រៀងស្រីស្រស់សោភាកញ្ញា រតនៈ ពិសី បានធ្វើឲ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំង ដោយសារតែកញ្ញាត្រូវបានអ្មករៀបចំកម្មវិធីជ្រើសជាតារាតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន។ នេះជាកិត្តិយសដែលនាងទទួលបាន បន្ទាប់ពីបានហក់ចូលផលិតកម្មថោន។

ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន កញ្ញា​ រតនៈ ពិសី លេចមុខលេចមាត់យ៉ាងខ្លាំង ដោយគេឃើញមានការឌីហ្សាញរូបថតរបស់នាង នៅចំកណ្ដាលប៉ាណូ ដែលមិនមែនគ្រាន់តែចូលរួមបង្គ្រប់កម្មវិធីនោះឡើយ។ ក្នុងវីដេអូហាត់សមដែលបានបង្ហោះឡើង គឺនាងច្រៀងផង ធ្វើពិធីការិនីផង ដោយនាងចេញមុខ ជាមួយតារាបរទេសយ៉ាងកាលីបលើឆាក ដែលចម្រុះដោយភ្លើងពណ៌យ៉ាងប្រណិត។ នេះជាការចេញសម្ដែងជាលក្ខណៈជាតិរបស់នាង មុនចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ខណៈដែលវត្តមានរបស់នាង នៅក្នុងផលិតកម្មថោន ក៏នឹងធ្វើឲ្យនាងឈានឡើង។

រតនៈ ពិសី និយាយថា នាងពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្ដោបក្ដាប់ឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់ ដោយបានទាំងត្រូវគេជ្រើស ឲ្យក្លាយជាតំណាងរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដោយនាងទៅហាត់សមតាំងពីថ្ងៃទី ១៥ខែកញ្ញា។​ ថ្លែងពីប្រទេសចិនតារាស្រីសិចស៊ី រូបនេះបញ្ជាក់ថា ក្រោយបញ្ចប់ការសម្ដែងយ៉ាងជោគជ័យ នាងនឹងត្រឡប់មកវិញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩នេះ។ នាងបន្តថា នាងពិតជារីករាយនឹងឱកាសមួយនេះ ហើយនាងក៏មោទនភាពណាស់ដែរ ដែលត្រូវបានកម្មវិធីទាំងមូលលើកមុខដល់ម្លឹង។

រតនៈ ពិសី បន្តថាកម្មវិធីនេះប្រមូលផ្តុំដោយ​សិល្បករ សិល្បការិនីល្បីឈ្មោះ ពិសេសអ្នកមានបទចម្រៀងនៅក្នុងភាពយន្តភាគល្បីៗលើកញ្ចក់ទូរទស្សន៍។ ក្រោយត្រឡប់មកវិញ នាងនឹងបន្តទៅសម្ដែង និងច្រៀងក្នុងប្រទេសអូស្ត្រាលី រយៈពេល៣ខែ ដោយកុងត្រារយៈពេល៥ឆ្នាំរបស់នាងនៅថោន គឺសម្រុកផលិតបទក្រោយបញ្ចប់បេសកកម្មនៅក្រៅប្រទេស៕