(ភ្នំពេញ)៖ កញ្ញា ប៉ូ គីមថេងសុធីតា គឺជាតារាបង្ហាញម៉ូតមួយរូប ដែលមានរូបសម្រស់ស្រស់សោភា និងមានទេពកោសល្យលើវិស័យម៉ូដែលច្រើន រួមផ្សំនឹងចំណេះដឹងទូទៅទូលំទូលាយ សាកសមតំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ។ យ៉ាងណាមិញ នៅថ្ងៃទី២៦ខាងមុខនេះ កញ្ញា នឹងធ្វើជាបវរកញ្ញាតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន។ ទន្ទឹមគ្នានេះ មុនចេញដំណើរនាងនឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាការប្រវត្តិជីវិតក្នុងវិថីបង្ហាញម៉ូត ដល់ទស្សនិកជនបានជ្រាប់។

ជាការកត់សម្គាល់ មិនមែនជាភាពងាយស្រួលនោះទេ ក្នុងការចេញទៅប្រកួតប្រជែងសមត្ថភាពក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ផ្នែកម៉ូដែលមួយនេះ ព្រោះមានបេក្ខនារីមកពីបណ្តាប្រទេសជាច្រើន ដែលសុទ្ធសឹងតែពោរពេញដោយសមត្ថភាពបានប្រមូលផ្តុំគ្នា។ ហេតុនេះហើយ ក្នុងនាមតំណាងកម្ពុជា កញ្ញា ប៉ូ គីមថេងសុធាតា ក៏បានត្រៀមរួចជាស្រេចនូវសមត្ថភាព និងតម្រូវការនានារបស់កម្មវិធីមួយនេះ។ តែយ៉ាងណាយើងមិនទាន់ដឹងនោះទេថា តើក្រៅពីហ្វឹកហាត់ការដើរម៉ូត កញ្ញាឯករូបនេះ បានត្រៀមអ្វីបន្ថែមទៀតនោះ ហើយថាតើនាងមានការប្តេជ្ញាចិត្តអ្វីខ្លះ ដើម្បីទទួលបានជ័យជំនះក្នុងកម្មវិធី កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩នេះ។

ចម្ងល់ទាំងនេះ កញ្ញា ប៉ូ គីមថេងសុធីតា នឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនដឹងកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕