(ក្រុងឡុងដ៍)៖ ក្រុម Chelsea និង Liverpool នឹងត្រូវប្រជែងគ្នារក ៣ពិន្ទុនៃលីគកំពូលអង់គ្លេស Premier League ចុងសប្តាហ៍នេះ ក្រោយពីបានបរាជ័យនៅថ្ងៃបើកឆាកក្នុងពាន UEFA Champions League វគ្គចែកពូលរួចមក។ ហង្សក្រហម បាននឹងកំពុងឈរលើកំពូលតារាង Premier League បណ្តោះអាសន្នផងដែរដោយមាន ១៥ពិន្ទុឆ្លងកាត់ ៥សប្តាហ៍មកនេះ មុនបន្តជួបតោខៀវ Chelsea ដែលជាសប្តាហ៍ទី៦ ជើងទី១ នារាត្រីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Stamford Bridge ស្ថិតនៅក្នុងទីក្រុង London តែម្តង។

Chelsea ដែលដឹកនាំអ្នកចាត់ការ Frank Lampard នឹងត្រូវធ្វើការជម្រះបញ្ជីចាស់ជាមួយលោក Jurgen Klopp ដែលបានដឹកនាំ Liverpool ឈ្នះ១ និងស្មើ១ កាលពី២ប្រកួតនារដូវកាលឆ្នាំ២០១៨-២០១៩ ខណៈក្រុមមួយនេះ (Liverpool) មិនទាន់ចាញ់នៅឡើយទេក្នុង ៥ប្រកួតក្នុងលីគមកនេះ បូករួមទាំងជ័យជម្នះ ៣-១ ទៅលើកាំភ្លើងធំ Arsenal ផងនៅកីឡដ្ឋាន Anfield កាលសប្តាហ៍ទី៣។

តោខៀវ Chelsea ទើបតែរកបាន ៨ពិន្ទុពី ៥ប្រកួតរបស់ពួកគេ ឈរនៅលេខរៀងទី៦ បណ្តោះអាសន្នជាមួយនឹងការ បំបាក់ Wolves ៥-២ ដែលជាជ័យជម្នះទី២ ក្រៅពីស្មើ២ដងដែរ និងចាញ់នៅថ្ងៃបើកឆាកនៅក្នុងផ្ទះរបស់ Manchester United ក្នុងលទ្ធផល ៤-០។

អ្នកចាត់ការទូទៅថ្មី Frank Lampard បាននឹងកំពុងជួបញ្ហាធំមួយ គឺមានកីឡាកររបួសរហូតដល់ទៅ ៦នាក់ច្រើនជាង Liverpool ដែលមានតែ ៣នាក់ តែអ្នកចាំទីសំខាន់ Alisson របស់ប្រេស៊ីលក៏មិនទាន់ជាសះស្បើយពីបញ្ហារបួសដែរ៕