(ក្រុងដក់ម៉ាន់)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi ចូលលេងបានវិញនៅក្នុងជំនួបដែល FC Barcelona រកបានតែ ១ពិន្ទុពេលស្មើលទ្ធផល ០-០ ជាមួយម្ចាស់ផ្ទះ Borussia Dortmund នៅថ្ងៃបើកឆាក UEFA Champions League នាយប់មិញនេះ។

តារាឆ្នើមរបស់អាហ្សង់ទីន វ័៣២ឆ្នាំ Messi បានចូលលេងក្នុងនាមជាកីឡាករបម្រុងដែលត្រូវបានប្តូរចូលនៅនាទី៥៩ ជំនួសមិត្តរួមក្រុម Anssumane Fati តែមិនអាចរកគ្រាប់បាល់បានឡើយ បន្ទាប់ពីជាសះស្បើយពីបញ្ហារបួសក្រលៀន ក្នុងជំនួប Pre-season មុនបើករដូវកាលថ្មីឆ្នាំ២០១៩-២០២០។

នេះក៏ជាការបង្ហាញខ្លួនលើកទី១ របស់ម្ចាស់ស្បែកជើងកាលពីរដូវកាលមុនក្នុង UCL កាលពីរដូវកាលមុនផងដែរ បន្ទាប់ពីរូបគេបានខកខាន ៤ប្រកួតនៅ La Liga ទៅដោយ និងអាចចូលលេងក្នុងជម្រើស ១១នាក់ដំបូងវិញ ពេលក្រុមការពារជើងឯក Barcelona ប៉ះក្រុមម្ចាស់ផ្ទះ Granada នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៃសប្តាហ៍ទី៥ ជើងទី១ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។

ក្នុងជំនួបដ៏ស្វិតស្វាញវគ្គសន្សំពិន្ទុនៃពូល F កីឡាករចាំទី Ter Stergen បានជួយសង្រ្គោះបាល់ប៉េណាល់ទីដ៏អស្ចារ្យពី សំណាក់កីឡាករ Marco Reus នៅនាទី៥៧ ក្នុងនាមជាកីឡាករក្នុងក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ដូចគ្នានាពេល បច្ចុប្បន្ន ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Joachim Low៕