(ក្រុងតូរីន)៖ ម្ចាស់ជើងឯក UEFA Champions League រដូវកាលមុន ហង្សក្រហម Liverpool បានបាត់បង់ ៣ពិន្ទុនៅថ្ងៃឆាកប្រចាំពូល E ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Napoli ក្នុងលទ្ធផល ២-០ នាយប់មិញនេះនៅកីឡដ្ឋាន San Poalo។

នេះជាការបរាជ័យលើកទី១ ក្នុងពានរង្វាន់លីគអឺរ៉ុប UCL នៅថ្ងៃបើកឆាករដូវកាលថ្មីឆ្នាំ២០១៩-២០២០ នៅទឹកដីក្រៅ ផ្ទះសម្រាប់ក្រុមរបស់លោក Jurgen Klopp តែធ្វើបានល្អនៅលីគកំពូលអង់គ្លេស Premier League តាមរយៈឈ្នះ ៥ប្រកួតជាប់គ្នាឈរនៅកំពូលតារាងដ៏រឹងមាំផងដែរ។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Mertens ជាអ្នកបានគ្រាប់ទី១ ឲ្យក្រុមពពកស Napoli នៅនាទី៨២ មុនពេលមិត្តរួមក្រុម Llorente ដែលជាអតីតកីឡាករបស់ក្លឹប Spurs ប៉េណាល់ទីបានសម្រេចគ្រាប់ទី២ នៅនាទី៩០+២ ដែលធ្វើឲ្យ ក្រុមម្ចាស់ផ្ទះរកបាន ៣ពិន្ទុឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្នផងដែរក្នុងពូល E នៅពេល Salzburg ឈរនៅលេខ១ ពេលបំបាក់ក្រុម Genk ក្នុងលទ្ធផល ៦-២ នៅនារាត្រីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ផងដែរ។

ការបរាជ័យនៅថ្ងៃបើកឆាក UCL នេះដែរ បានធ្វើឲ្យ Liverpool ជាន់ដានចាស់ដូចកាលចាញ់ក្រុមអ៊ីតាលីដូចគ្នា AC Milan ក្នុងឆ្នាំ១៩៩៤ នៅពេលដាក់ Adrian ជាអ្នកចាំទីដៃទី១ ដើម្បីជំនួសអ្នកចាំដៃស្អិត Alisson Becker ដែលកំពុង មានបញ្ហារបួសមិនទាន់ជានៅឡើយ និងក៏បានបើកផ្លូវឲ្យ Napoli រកបានជ័យលើកទី៥ ក្នុងចំណោម ៦ប្រកួតពេលបើកឆាកពានអឺរ៉ុប ពេលជួបក្រុមមកពីអង់គ្លេសប្រកួតក្នុងផ្ទះរបស់ខ្លួន ក្រៅពីធ្លាប់ចាញ់តែម្តងគត់៕