(ភ្នំពេញ)៖ ក្រោយពីបានចាកចេញពីសមរភូមិសិល្បៈ អស់រយៈពេលជិត១០ឆ្នាំ លោក ហេង កាន់ឌី បានវិលត្រឡប់ចូលវិថីសិល្បៈជាថ្មី តាមរយៈការបង្កើតក្រុមថ្មី ដែលមានឈ្មោះថា 3Trio ( ទ្រីអូ ) មានន័យថា៣នាក់ ដោយបានចាប់ដៃរួមជាក្រុមជាមួយសិស្សប្អូន របស់គាត់២នាក់ទៀត ដែលជាអតីតក្រុម Hi-Fi ផងដែរ ។

លោក ហេង កាន់ឌី បានថ្លែងប្រាប់ Fresh News និង Khmer Talking ថា សម្រាប់ការវិលត្រឡប់ចូលវិថីសិល្បៈវិញ ដោយបង្កើតជាក្រុមចម្រៀងនេះឡើង បន្ទាប់ពីបាត់មុខពីសិល្បៈ រយៈពេលជិត១០ឆ្នាំកន្លងមកហើយ ចំពោះពួកគាត់សុទ្ធតែធ្លាប់សាងកេរ្តិ៍ឈ្មោះច្រៀង ជាក្រុមដែលទទួលបានការគាំទ្រតាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ ២០១០មកម៉្លេះ ក្នុងនោះក៏មានអតីតសមាជិកក្រុម High Rock ម្នាក់ផងដែរ ។ លោកថា មូលហេតុដែលលោក បាត់មុខពីវិថីសិល្បៈរាប់ឆ្នាំ គឺដោយសារតែលោក ជាប់រវល់ជាមួយនឹងការងារ ក៏ដូចជាខិតខំយកពេលវេលាទៅពង្រឹងជំនួញ ផ្ទាល់ខ្លួនឲ្យជោគជ័យសិន ទើបមិនមានពេលវេលា និងមិនទាន់គិតគូរពីការងារសិល្បៈ ប៉ុន្តែបច្ចុប្បន្នក៏លោកជាតារាចម្រៀងច្រៀងណាហ្គាវើល ។

លោកបន្តថា សម្រាប់ការដើរចូលវិថីសិល្បៈជាថ្មីនេះ គឺដោយសារតែលោកមើលឃើញថា សិល្បៈខ្មែរយើងកាន់តែរីកចម្រើន ហើយម្យ៉ាងវិញទៀត រូបលោកចង់បង្កើតអ្វីដែលថ្មីៗ និងប្លែកសម្រាប់ចែកជូនដល់ប្រិយមិត្តទស្សនិកជន ។

ដោយឡែក ទន្ទឹមនឹងការវិលត្រឡប់ចូលសិល្បៈជាថ្មីនេះ គឺលោក ហេង កាន់ឌី បានចាប់ដៃរួមបង្កើតជាក្រុមចម្រៀងដែលមានឈ្មោះថា «ទ្រីអូ» ជាមួយសិស្សប្អូនរបស់គាត់២នាក់ទៀត ដែលជាអតីតក្រុម Hi-Fi ដោយមើលឃើញពីក្ដីស្រម៉ៃ និងសមត្ថភាព ប្រហាក់ប្រហែលគ្នា និងមានអ្វីដែលប្លែករៀងខ្លួន ក៏លោកសម្រេចចិត្តបង្កើតជាក្រុមចម្រៀងនេះឡើង ។

ចំពោះក្ដីសង្ឃឹមនៃការទទួលបានការគាំទ្រពីទស្សនិកជន សម្រាប់ការឈានជើងចូលសិល្បៈជាថ្មីនេះ លោកថា លោកមិនសូវជាបារម្ភនោះទេ ព្រោះពេលដែលលោកបាន បាត់មុខពីសិល្បៈមួយរយៈពេលយ៉ាងយូរ ក៏នៅតែមានអ្នកគាំទ្រ ក៏ដូចជាទស្សនិកជននៅតែមានការគាំទ្រ រួមទាំងលើកទឹកចិត្តឲ្យរូបលោក ប្រឡូកចូលសិល្បៈជាថ្មី និងឲ្យផលិតជាបទចម្រៀង Original Song ជាមួយនឹងក្រុមដែលលោកបានចាប់ដៃគ្នាបង្កើតឡើង ខណៈដែលបទចម្រៀងដំបូង ដែលក្រុមរបស់លោក បានបញ្ចេញនោះគឺបទ «លាក់បាំង» ។

ដោយឡែកក្រុម «ទ្រីអូ» របស់លោកទាំង៣នាក់ លោកមិនទាន់បញ្ជាក់ឈ្មោះលោកប្រាប់ថាលាក់សិន លោកនឹងរួមគ្នាខិតខំប្រឹងប្រែងធ្វើឡើងដោយកំលាំងកាយចិត្ត ក៏ដូចជាសមត្ថភាព ហើយលោកផ្ទាល់សង្ឃឹមថា ពេលដែលចម្រៀងរបស់ក្រុមលោក ពេលធ្វើការបញ្ចេញមក នឹងមានទស្សនិកជនគាំទ្រ នូវរាល់ស្នាដៃរបស់ក្រុមលោកផងដែរ ៕