(ភ្នំពេញ)៖ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៏ក្រោយគេឃើញវត្តមានរបស់តារាសម្ដែងស្រី ទឹកមុខកាចឆ្នាស់ ចាន់ នីកា បានសម្ដែង MV បទចម្រៀងថ្មី ជាមួយនឹងលោក នេន ទុំ ខណៈការសម្ដែងក្នុងបទថ្មីនេះ គឺជាលើកដំបូងហើយ សម្រាប់តារាប្រុសស្រីទាំងពីរ លេចមុខសម្ដែងជាមួយគ្នា។

ជាការពិត បទមានចំណងជើងថា «ខែភ្ជុំនឹកម៉ុមម្ល៉េះទេ» គឺជាការបកស្រាយរបស់តារាចម្រៀង លោក នេន ទុំ ក្នុងនោះអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំង ទៅលើបទចម្រៀងមួយបទនេះ គឺទៅលើ MV ផ្ទាល់តែម្ដង ដោយសារតែគេឃើញវត្តមាន របស់តារាស្រីដែលកំពុងតែកាក់កបខ្លាំងក្នុងសិល្បៈ គឺកញ្ញា ចាន់ នីកា បានចូលរួមសម្ដែង ដោយចាប់ដៃគូ ជាមួយនឹងលោកនេនទុំ ដែលត្រូវបានគេដឹងថា នេះជាលើកទី1ហើយ ដែលអ្នកទាំងពីរ បានសម្ដែងរួមគ្នា។

ខណៈសព្វមួយដងទស្សនិកជន ធ្លាប់តែឃើញស្រីស្អាត ចាន់ នីកា លេចមុខសម្ដែងក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ យ៉ាងណាមិញចំពោះការបង្ហាញវត្តមានសម្ដែង រួមគ្នា ដំបូងជាមួយនឹងលោក នេន ទុំ រឹតតែធ្វើឲ្យកញ្ញា ចាន់ នីកា ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង និងត្រូវបានទស្សនិកជនកោតសរសើរមិនដាច់ពីមាត់ថា ទោះបីជាចាប់ដៃគូគ្នាសម្ដែងជាលើកដំបូង ប៉ុន្តែអ្នកទាំងពីរ ពិតជាសម្ដែងសក្តិសមគ្នា​តែម្ដង ជាមួយនឹងបទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរ​។

ដោយឡែក ងាកមកចាប់អារម្មណ៍ទៅលើបទចម្រៀងវិញម្ដង ចំពោះបទចម្រៀងដែលទើបនឹងបញ្ចេញក្ដៅៗ របស់លោក នេនទុំ គឺដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលនឹងខិតមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ បទ «ខែភ្ជុំនឹកម៉ុមម្ល៉េះទេ» មិនត្រឹមតែមានអត្ថន័យពីរោះ រៀបរាប់ពីគូសង្សារមួយគូដែលស្រឡាញ់គ្នានោះទេ ថែមទាំងមានបទភ្លេងជាចង្វាក់រាំវង់ សម្រាប់រាំលេងនាឱកាសបុណ្យភ្ជុំបិណ្ឌទៀតផង​។

តោះចង់ដឹងថា បទ «ខែភ្ជុំនឹកម៉ុមម្ល៉េះទេ» របស់លោក នេន ទុំ ពីរោះនិងមាន MV ជក់ចិត្តយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា​៖