(ភ្នំពេញ)៖ ខណៈដែលស្ថានភាពទឹកជំនន់ កំពុងវាយលុកតំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា តារាចម្រៀង ដែលពោរពេញដោយប្រវត្តិតស៊ូ លោក ជុំ លីណូ បានបង្ហោះបទថ្មីយ៉ាងចាក់ដោតមួយ ធ្វើឲ្យមានការចាប់អារម្មណ៍តែម្ដង។ បទ «ឱ ទឹកជំនន់» របស់លោកគ្រាន់តែចេញជាផ្លូវការភ្លាម មានការចែកចាយគួរឲ្យកត់សម្គាល់តែម្ដង ដោយសារតែខ្លឹមសារ និងអត្ថន័យ គឺចាក់ដោតខ្លាំង ត្រូវជាមួយនឹងតថភាពជាក់ស្ដែង ខណៈដែលតាមបណ្ដាខេត្តមួយចំនួន កំពុងរងគ្រោះដោយទឹកជំនន់។

បទចម្រៀងក្ដៅៗ ក្រោមចំណងជើងថា «ឱ ទឹកជំនន់» មួយបទនេះ បង្ហាញពីអត្ថន័យលន្លង់លន្លោច ព្រោះតែគ្រោះទឹកជំនន់ ដែលបានកើតឡើងក្នុងរដូវវស្សានេះ។ លោក ជុំ លីណូ បញ្ជាក់ថា ដោយសារតែអារម្មណ៍របស់លោក ឌិតដាមដោយទិដ្ឋភាពដ៏សង្វេគ នៃគ្រោះទឹកជំនន់កំពុងកើតឡើង ទើបលោកសម្រេចចិត្តផលិតបទចម្រៀងនេះឡើង ដើម្បីរៀបរាប់ពីទុក្ខសោក និងពីមហន្តរាយដែលបានកើតឡើង ពីគ្រោះទឹកជំនន់។ បទចម្រៀងនេះ លោកសម្រេចផលិតឡើង ដើម្បីជាការលើកទឹកចិត្ត និងបួងសួងចំពោះបងប្អូនខ្មែរ ដែលជួបប្រទះនូវគ្រោះទឹកជំនន់កុំឲ្យមានគ្រោះថ្នាក់ ក៏ដូចជាចង់ឲ្យពួកគាត់មានការប្រយ័ត្នប្រយែងខ្ពស់។

អ្វីដែលលោកក្ដុកក្ដួល គឺបទចម្រៀងមួយបទនេះ ធ្វើឲ្យលោកបង្ហូរទឹកភ្នែកក្នុងពេលថតច្រៀង ដោយសារតែអត្ថន័យនៃបទចម្រៀង ធ្វើឲ្យលោកស្រមៃឃើញពីទិដ្ឋភាព ដ៏សោកសង្រេងរបស់បងប្អូនខ្មែរ ដែលជួបនឹងគ្រោះទឹកជំនន់។

ចង់ដឹងថាបទចម្រៀងរបស់លោកមានអត្ថន័យ យ៉ាងណាសូមរីករាយទស្សនា៖