(ម៉ាឌ្រីដ)៖ ក្រុមខ្លាំង Real Madrid ដែលកំពុងតែដឹកនាំដោយលោក Zinedine Zidane បានជួបបញ្ហាកីឡាកររបួសជាច្រើននាក់ មុនប៉ះគូប្រជែង Paris Saint-Germain នៅថ្ងៃបើកឆាក UEFA Champions League រដូវកាលថ្មីនេះ ដែលអាចអវត្តមានខ្សែការពារឆ្នើម Marcelo ដោយសារមានរបួសសរសៃពួរក្រោយ នៅអំឡុងប្រកួតឈ្នះ Levante ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមប្រភព Marca បានឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីលខាងលើនេះបានលេងពេញ ៩០នាទីរវាង Real Madrid រកបាន ៣ពិន្ទុក្នុងដី មុនពេលត្រូវបានក្រុមគ្រូពេទ្យពិនិត្យយ៉ាងយកចិត្តទុកដាក់ តែមិនមានន័យថា រូបគេមិនអាចធ្វើដំណើរទៅកាន់ទឹកដីបារាំងនោះទេ គ្រាន់តែមិនស្ថិតក្នុងជម្រើស ១១នាក់ដំបូង តែត្រូវជំនួសដោយកីឡាករបារាំង Ferland Mendy វិញ។

បញ្ហារបស់ Marcelo រឹតតែធ្វើឲ្យអ្នកចាត់ការទូទៅ Zidane ឈឺក្បាលខ្លាំងឡើងដោយមានកូនក្រុមរហូតដល់ទៅ ៥នាក់របួស មុនជំនួបបើកឆាកវគ្គសន្សំពិន្ទុប្រចាំពូល A ពានរង្វាន់លីគអឺរ៉ុប UEFA Champions League មានដូចជា កីឡាករ Isco, Luka Modric, Fede Valverde និង Marco Asensio ជាដើម៕