(ភ្នំពេញ)៖ ខណៈដែលរឿងរ៉ាវកក្រើកហ្វេសប៊ុក ជុំវិញបុរសមួយក្រុមថតបង្ហោះពីសកម្មភាពសិល្បករ អមដោយការជេរប្រមាថពូជខ្មែរ និងដៀលអ្នកសិល្បៈ ធ្វើឲ្យផ្ទុះប្រតិកម្មពេញស្រទាប់មហាជននោះ គេមិនទាន់ឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវភាគីម្ខាងទៀតកាត់តវីដេអូ ហើយចោទថា មានបំណងចង់ប្រើអំពើហិង្សានៅព្រលានអ៊ីនឆន ប្រទេសកូរ៉េ ចេញប្រតិកម្ម ឬ​បកស្រាយនោះទេ។ យ៉ាងណាមិញ ផ្អែកតាមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៧ កញ្ញា លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារបកស្រាយ។

លោកបានសរសេរជាសាធារណៈថា «រឿងពិតកើតឡើងនៅកូរ៉េ ​នៅប្រលានអ៊ីនឆន ប្រទេសកូរ៉េទេ ដែលជាការព្យាយាមថតលើកទី២របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាលេស៊ីហើយ ម៉្យាងទៀត ដោយសារទីនោះយើងកំពុងឈរនៅកន្លែងអន្តោប្រវេស គឺកន្លែងដែលហាមឃាត់ការថត​គ្រប់រូបភាព​។​ បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញាតិអាចមានទោសដល់ជាប់គុក ហើយជាប់ blak list ជាពិសេសកន្លែងអន្តោប្រវេសទៀត ​ក្រុមសិល្បៈព្យាយាមសម្រប​សម្រួល ឲ្យបញ្ចប់តែក្រុមបងប្អូនកាន់តែទាញកាមេរាថតច្រើនឡើង ព្រោះកាថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាកាថតតិះដៀលប្រមាថ»

បន្ថែមពីការបង្ហោះ ក្នុងកិច្ចសម្ភាសន៍បន្ថែមពីលើការបង្ហោះ លោកហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលស្ថិតក្នុងហេតុការណ៍នោះ បញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូ បានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថត ដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ា គ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចរចា​គ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ា ស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំឲ្យបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំអោយលូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះ ក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់។ លោកហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាននោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះ បំប៉ោងស្ថានការណ៍ ហើយស្រាប់តែពេលចរចាឲ្យលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍អោយកាន់តែមើលទៅធ្ងន់ធ្ងរ។

លោកទទួលស្គាល់ចំពោះកំហុស របស់ក្រុមអ្នករួមដំណើរដែលសាងកំហុសឆ្គង នៅព្រលានយន្តហោះនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើឲ្យក្រុមរបស់លោក ដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច ហើយស្រាប់តែថតវីដេអូយកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើឲ្យគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្មកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។

លោកបន្តថា ម្យ៉ាងសំឡេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើកសំលេងឮៗ បង្កការប៉ះពាល់ នៅកន្លែងរង់ចាំនោះដែរ។​ បើមានអ្នកដំណើរ ឬ អ្នកបម្រើការនៅក្នុងព្រលាននៅម៉ាឡេស៊ីណាម្នាក់ មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថា វាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាស គឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយក នៅពេលឃើញវីដេអូបង្ហោះឡើង អមដោយការប្រមាថ។ លោកថាគ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬ​គ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះ វាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និងចង់បំប៉ោងស្ថានការណ៍ឲ្យធ្ងន់ ទើបមើលទៅកាន់តែអាក្រក់។

លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សាដូចការកាត់ត និងបង្ខូចឈ្មោះក្នុងវីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃស្របពេលលោកឧកញ៉ាហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជាសកម្មភាពចង់ប្រើហិង្សា ការពិតមិនមែនទេ។ យ៉ាងណាមិញលោកថា សម្រាប់លទ្ធផលពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកឲ្យមេធាវីបន្តនិតិវិធីសិន៕