(ក្រុងតូរីន)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅនៃក្លឹបហង្សក្រហមបានថ្លែងថា Liverpool រដូវកាលនេះ ពុំមែនជាដៃគូក្រុមខ្លាំងដទៃទៀតនៅអឹរ៉ុបឡើយ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនជំនួបទល់នឹងក្រុមម្ចាស់ផ្ទះ ពពកស Napoli នៅថ្ងៃបើក ឆាក UEFA Champions League រាត្រីនេះនៅប្រទេសអ៊ីតាលី ក្នុងវគ្គសន្សំពិន្ទុនៃពូល E ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន San Paolo។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដែលបានដឹកនាំ Liverpool លេងឈ្នះក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ដើម្បីគ្រប់ គ្រងពាន UEFA Champions League រដូវកាលមុននោះបានលើកឡើងថា «រដូវកាលឆ្នាំ២០១៩-២០២០ ពោរពេញទៅដោយក្រុមខ្លាំងច្រើនណាស់ មិនមែនត្រឹមតែ Liverpool ឡើយ តែសម្រាប់ ៤ក្រុមរបស់អង់គ្លេស ខ្ញុំគិតថា Manchester City ល្អជាងគេ។ រដូវកាលមុនយើងពិតជាល្អដែលស័ក្តិសមក្នុងការទទួលបានពាន Champions League ពិតមែន»

គួរបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី២ ដែល Liverpool ត្រូវបានចាប់ពូលនៅជាមួយ Napoli បន្ទាប់ពីរដូវកាលមុន ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ១-០ ក្នុងការប្រកួត ២ជើងប្តូរទឹកដីគ្នានៃវគ្គសន្សំពិន្ទុប្រចាំពូល C។ យ៉ាងណាក៏ដោយ Liverpool បានកំពុងបង្ហាញទម្រង់លេងដ៏ល្អក្នុងលីគកំពូល Premier League របស់អង់គ្លេសរដូវ កាលនេះ តាមរយៈឈ្នះ ៥ប្រកួតជាប់គ្នា មិនដែលចាញ់ និងស្មើឡើយ រកបាន ១៥ពិន្ទុពេញ នាំមុខក្រុមការពារតំណែង ជើងឯក Manchester City ដែលឈរនៅលេខ២ មាន ១០ពិន្ទុប៉ុណ្ណោះ៕