(ភ្នំពេញ)៖ ដំណឹងដ៏ក្រៀមក្រំ និងសោកស្ដាយខ្លាំងជាទីបំផុត ដោយអតីតតារាសម្ដែងលោក ណូ ជ័យរិទ្ធី (ហៅតូ) លោកបានបាត់បង់ជីវិតហើយ នៅម៉ោង៣៖៥៥នាទីទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី១៦ខែកញ្ញានេះ ដោយសារតែជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ធ្វើឲ្យក្រុមគ្រួសារលោក រួមទាំងអ្នកក្នុងនិងក្រៅរង្វង់សិល្បៈ មានការសោកស្ដាយ និងក្ដុកក្ដួលជាពន់ពេក នៅពេលដែលបានដឹងដំណឹងមរណភាពរបស់ អតីតតារាសម្ដែងប្រុសរូបនេះ។

យោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា «Ma Nita Cambodia» បានបង្ហោះសារយ៉ាងក្រៀមក្រំ បង្ហាញពីមរណភាពតារាប្រុសលោក ណូ ជ័យរិទ្ធី ថា «បងប្រុស ណូ ជ័យរឹទ្ធី ហៅតូ ជាតារាសម្តែង ពេលនេះគាត់បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ៣៖៥៥នាទីជិតភ្លឺ ដោយសារជំងឺ សូមបងប្អូន​និងមិត្តភក្ត័ដែលបានស្គាល់គាត់ជ្រាបជាដំណឹង»

ក្រោយពីបានដឹងនូវ ដំណឹងមរណភាព របស់អតីតតារាសម្ដែង លោក ណូ ជ័យរិទ្ធី បានធ្វើឲ្យអ្នកក្រៅរង្វង់សិល្បៈ ជាពិសេសនោះ គឺអ្នកសិល្បៈតែម្ដង បានចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំដល់ក្រុមគ្រួសាររបស់អតីតតារាសម្ដែងលោក ណូ ជ័យរិទ្ធី។

គួរបញ្ជាក់ថា លោក ណូ ជ័យរិទ្ធី គឺជាអតីតតារាសម្ដែង មានប្រជាប្រិយភាពគួរសម ដែលបានបាត់មុខពីសិល្បៈរយៈពេលយូរមកហើយ។ តែយ៉ាងណាមួយរយៈចុងក្រោយនេះ ស្រាប់តែលេចដំណឹងពីលោកមកវិញថា លោកបានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរទៅៗមានរូបរាងស្គាំងស្គម ដោយសារអការៈជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ តែជាអកុសល ដោយទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះលែងបាន ធ្វើឲ្យលោកស្លាប់បាត់បង់ជីវិតទៅហើយ នៅព្រឹកថ្ងៃទី១៦ខែកញ្ញានេះ។ យ៉ាងណា សពរបស់លោក ត្រូវបានតម្កល់ទុក នៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕