(ភ្នំពេញ)៖ តារាសម្ដែងវ័យ២០ឆ្នាំ កូនកាត់ខ្មែរ-ភូមា កញ្ញា ឡេ ឆៃលីម ហៅ ស៊ីងស៊ីង ហាក់ទទួលបានឱកាសលេចមុចលេខមាត់ខ្លាំងក្លាតែម្ដង ដោយសារតែក្រៅពីមានរូបសម្រស់ស្រស់សោភាជានារីកូនកាត់ នាងក៏មានសមត្ថភាពខ្ពស់ ខុសឆ្ងាយពីអ្នកសិល្បៈមួយចំនួន ខណៈនាងទើបប្រឡូកសិល្បៈតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែនាងប្រកាសពីមហិច្ឆតាចង់ក្លាយជាតារាល្បី ក្រោយពីមានការគាំទ្រច្រើន។

ស្រីស្រស់ ឡេ ឆៃលីម បញ្ជាក់ថា កញ្ញាត្រូវបានផលិតករហៅសម្ដែង បន្ទាប់ពីឃើញរូបសម្រស់ នាងកាន់តែបន្តផ្ដល់ឱកាសឲ្យសម្ដែងបន្តបន្ទាប់ទៀត ក្រោយពីនាងទើបចូលសិល្បៈក៏ពិតមែន ប៉ុន្តែចង់ឲ្យសម្ដែងតួអ្វីក៏នាងលេងបាន។ មិនថាតួស្លូត តួកាច ឬ នារីស៊ិចស៊ី នាងអាចសម្ដែងបានដោយមិនលំបាកនោះទេ ដោយសារតែនាងតាមមើលការសម្ដែងរបស់តារារៀមច្បងគ្រប់រូប ហើយតែងត្រាប់តាម។ នាងថាខ្លួនយកទូរទស្សន៍ និងការសម្ដែងរបស់តួគ្រប់ប្រភេទធ្វើគ្រូជាធំ ទើបក្នុងពេលផលិតករអោយនាងថតស្ពត ឬ សម្ដែងអ្វីមួយ គ្រាន់តែប្រាប់ក៏អាចទៅរួច។ យ៉ាងណាមិញ នាងក៏នៅត្រូវការបទពិសោធន៍ និងការហ្វឹកហាត់ជាច្រើនផ្សេងទៀតផងដែរ ដើម្បីពង្រឹងសមត្ថភាព។

កញ្ញា ឡេ ឆៃលីម បញ្ជាក់ថាការប្រលូកក្នុងវិថីនៅក្នុងសិល្បៈ ខ្មែរពេលនេះ តម្រូវឲ្យនាងត្រូវតែប្រឹងពុះពារ ដោយសារតែនាងមិនចង់បរាជ័យ។ ប៉ុន្តែបើឲ្យនាងល្បីដោយរឿងអាស្រូវ ក៏នាងមិនធ្វើដែរ។ សម្អាងលើរូបសម្រស់ និងមុខមាត់ជាតារាកូនកាត់ខ្មែរ-ភូមា នាងអះអាងថាខ្លួនមិនសូវអត់ការសម្ដែងនោះទេ ចាប់តាំងពីបានចូលប្រឡូក។ ក្នុងនោះក៏មានផលិតករទាំងស្ពត សម្អាងការ ភាពយន្តខ្នាតធំ និងភាពយន្តភាគទូរទស្សន៍ ផ្ដល់ឱកាសឲ្យនាងបានថតជាហូរហែ។ នាងរំពឹងថាប្រជាប្រិយភាពនឹងឈានឡើង ខណៈដែលនាងក៏ត្រៀមខ្លួនសម្ដែងឲ្យបានល្អគ្រប់ទម្រង់ មិនថាកាចឆ្នាស់ ស្លូត ក្រមិចក្រម៉ើម ដើម្បីឲ្យមហាជនឆាប់ស្គាល់៕