(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងថា SEA Games គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលស្ថិតក្នុងសុបិនរបស់ប្រជាជនកម្ពុជា ហើយជាឱកាសដ៏កម្រ ដើម្បីបង្ហាញនូវអត្តសញ្ញាណនៃវប្បធម៌ អរិយធម៌ និងសក្ដានុពលជាតិដល់ពិភពលោកទាំងមូល ។

លោករដ្ឋមន្ដ្រីបានលេីកឡេីងដូច្នេះ ក្នុងពិធីបិទវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ក៏ដូចជាការសម្ពោធកាលបរិច្ឆេទផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះកាលពីល្ងាចមិញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោកថា វេទិកានេះ គឺជាការដាក់ចេញនូវយុទ្ធនាការសំខាន់ៗ ពាក់ព័ន្ធនឹងកេរ្ដិ៍ឈ្មោះកម្ពុជា ក្នុងការធ្វើម្ចាស់ផ្ទះ និងជួយកសាងកេរ្ដិ៍ឈ្មោះសង្គមជាតិឲ្យកាន់តែលេចត្រដែតលើឆាកអន្ដរជាតិ ដែលគ្រប់ភាគីត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។

លោកបណ្ឌិត ថោង ខុន បន្ដថា «ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ នៅកម្ពុជាមិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡានោះទេ តែវាជាឱកាសដ៏កម្រមួយ ក្នុងការសម្ដែង និងបង្ហាញអត្តសញ្ញាណនៃវប្បធម៌ដ៏រុងរឿង ដ៏សំបូរបែប និងវ័យចំណាស់របស់បុព្វបុរសខ្មែររាប់ពាន់ឆ្នាំ ដល់ពិភពលោកទាំងមូល ។ ពិសេសក៏ជាការបង្ហាញនូវសក្ដានុពលជាតិលើគ្រប់វិស័យឲ្យពិភពលោកបានស្គាល់ និងកោតស្ញប់ស្ញែងដល់ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ធ្វើឲ្យកម្ពុជាមានសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយអាចរៀបចំព្រឹត្តិការណ៍ SEA Games ដ៏ធំបាន»

បន្ថែមលើនេះ លោករដ្ឋមន្ដ្រីក៏បានគូសបញ្ជាក់អំពីទំហំការងារ ដែលត្រៀមទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះដែរថា ការធ្វើម្ចាស់ផ្ទះ SEA Games មិនមែនក្រសួង-ស្ថាប័ន ឬមន្ដ្រីជំនាញណាម្នាក់អាចធ្វើបាននោះទេ គឺត្រូវការគ្នាធ្វើទាំងអស់គ្នា ពិសេសការចូលរួមសហការរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមទទួលភ្ញៀវអន្ដរជាតិមកលេងនៅកម្ពុជា រាប់ម៉ឺន រាប់សែននាក់ ទាំងកីឡាករ-កីឡាការិនី មន្ដ្រី ប្រតិភូ ទស្សនិកជនអន្ដរជាតិ និងទេសចរអន្ដរជាតិ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងត្រូវបានគេចងចាំជានិច្ចនូវអនុស្សាវរីយ៍ល្អៗ ក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា ។

សូមបញ្ជាក់ថា វេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា និងសម្ពោធកាលបរិច្ឆេទផ្លូវការ នៃព្រឹត្តិការណ៍ SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដែលរៀបចំដោយ CAMSOC នៅថ្ងៃទី១៣ ខែកញ្ញានេះ បានដំណើរការ ១ថ្ងៃពេញ ខណៈពិធីបើកបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយក៏មានការចូលរួមពីមន្ដ្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញអន្ដរជាតិ តំណាងសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីសរុបជាង ១ពាន់នាក់ឯណោះ ៕