(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំ ដែលដឹកនាំសម្ដែងដោយផលិតករមកពីបរទេស និងមានការចូលរួមសម្ដែងដោយតារាមកពីក្រៅប្រទេស​ មានចំណងជើងថា «វាលប្រមាញ់» បានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈការចាយទុនផលិតភាពយន្តនេះ គឺមានទំហំ​រហូតដល់ទៅ ជាង១លានដុល្លារឯណោះ។

លោក ជីមី ហេនឌ័រសុន(Jimmy Henderson) ​អ្នកដឹកនាំសម្ដែង និងក្រុមការងារផលិតភាពយន្ត Jailbreak ដែលជាភាពយន្តខ្មែរដ៏ល្បីមួយបានលក់សិទ្ធិបញ្ចាំង នៅក្នុងបណ្ដាញសង្គម Nexflix។ ភាពយន្ត «វាលប្រមាញ់» ពោរពេញទៅដោយឈុតវ៉ៃតប់ បាញ់ប្រហារដ៏ជក់ចិត្ត ដែលយកលំនាំតាម The Most Dangerous Game របស់លោក Rechard Connell​។

លោក ជីមី ហេនឌ័រសុន បានថ្លែងថា នេះជាភាពយន្តខ្មែរបែបវាយប្រហារ ដែលបានចំណាយទុនផលិត អស់ជាង១លានដុល្លារ សហរដ្ឋអាមេរិក។ ភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅក្នុង មហោស្រពភាពយន្តអន្តរជាតិ ទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងមហោស្រពភាពយន្តអន្តរជាតិ ទីកក្រុងឡុងដ៍ ប្រទេសអង់គ្លេសផងដែរ។ ជាពិសេសភាពយន្ត «វាលប្រមាញ់» មានការចូលរួមដោយតារាសម្ដែង ដែលថតឈុតគ្រោះថ្នាក់ មកពីក្រុមល្បុកតោខ្មែរ ជាច្រើនរូប​។ ភាពយន្តនេះនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ។

លោកបន្តថា សាច់រឿងនិយាយពី បុរសជាប់ពន្ធធានាគារម្នាក់ ដែលត្រូវរត់គេចខ្លួនពីការបាញ់ប្រហារ របស់ក្រុមអ្នកប្រមាញ់នៅក្នុងព្រៃដាច់ស្រយាលមួយ។ អស់ពេលជាច្រើនឆ្នាំ នៃការតាមដាន បទឧក្រិដ្ឋកម្មអន្តរជាតិ នឹងត្រូវបានគេចាប់បញ្ជូនទៅកាន់គុកក្នុងព្រៃ បានធ្វើឲ្យភ្នាក់ងារសម្ងាត់ចិន ដែលសម្ដែងដោយលោក Gu Sangwei ខំប្រឹងតស៊ូប្រយុទ្ធ ដើម្បី សេរីភាព និងជិវិតរបស់ខ្លួន​។

សូមបញ្ជាក់ថា ភាពយន្ត «វាលប្រមាញ់» នាំមកជូនដោយ Prince Social Marketing និង Altered Vision Films សហការជាមួយ Kongchak Pictures និងគាំទ្រដោយ Hard Rock Cafe Phnom Penh, Prince Bank Plc ព្រមទាំង Major Cineplex Cambodia ដោយមានដៃគូផ្សព្វផ្សាយពី TV5 Intertainment News​៕​