(សៀមរាប)៖ លោកស្រី សុខ ចាន់រឿន ភរិយាជនរងគ្រោះឈ្មោះ ហ៊ឹម ចាន់ ក្នុងករណីប្លន់សម្លាប់ ដោយជនល្មើស ២រូបជាជនជាតិជប៉ុនកាលពីខែមីនា ឆ្នាំ២០១៩ បានសម្ដែងអារម្មណ៍ធូរស្បើយ ក្រោយត្រូវបានជនជាតិជប៉ុន តាមរយៈសមាគមជនជាតិជប៉ុននៅកម្ពុជា រួមគ្នាប្រមូលមូលនិធិជួយគ្រួសារជនរងគ្រោះ ដែលមានកូនក្នុងបន្ទុកចំនួន ៤នាក់ ជាក់ស្ដែងកាលថ្មីៗ សមាគមបាននាំយកថវិកាជាង ១ម៉ឺនដុល្លារ ទៅសល់បំណុល ដែលគ្រួសារជនរងគ្រោះ បានជំពាក់ធនាគាររួចហើយ ។

គួរដឹងថា ក្រោយរងនូវអំពើប្លន់សម្លាប់ ដែលពលរដ្ឋខ្មែរ និងជប៉ុន ស្ទើរមិនគួរឲ្យជឿថា ជនល្មើសជាជនជប៉ុននោះ គ្រួសារជនរងគ្រោះឈ្មោះ ហ៊ឹម ចាន់ ពិសេសភរិយា និងកូនៗ បានរងទុក្ខ និងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់សរសរស្ដម្ភដ៏សំខាន់ក្នុងគ្រួសារ ហើយថែមទាំងបន្សល់នូវបំណុល ដែលលោកស្រី សុខ ចាន់រឿន ត្រូវរាប់រងទៀតផង ធ្វើឲ្យគ្រួសារមួយនេះ កាន់តែជួបការលំបាក ដ្បិតត្រូវចំណាយលើការរស់នៅប្រចាំថ្ងៃ និងការសិក្សារបស់កូនជាដើម ។

ដោយមើលឃើញពីទុក្ខលំបាកនេះហើយ ទើបសប្បុរសជន ពិសេសជនជាតិជប៉ុន ដែលរស់នៅ និងធ្វើការងារនៅកម្ពុជា បានសហការគ្នាស្វែងរកថវិកាជួយឧបត្ថម្ភ និងសម្រាលទុក្ខលំបាករបស់គ្រួសារជនរងគ្រោះ ជាក់ស្ដែងកាលពីថ្មីៗនេះ សមាគមជនជាតិជប៉ុននៅកម្ពុជា ដែលជាតំណាងជនជាតិជប៉ុន បាននាំយកថវិកាជាង ១ម៉ឺនដុល្លារ ទៅសល់បំណុលជំនួសគ្រួសារជនរងគ្រោះ ដែលជំពាក់ធនាគារ ។ នេះបើតាមការបញ្ជាក់របស់លោក KOICHI TAKUMA ប្រធានសមាគម ។

លោក KOICHI TAKUMA បានបញ្ជាក់ថា «ដោយសារជនជាតិជប៉ុនដូចគ្នាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មមួយនេះ ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេក ហើយឧប្បត្តិហេតុនេះបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកេរ្តិ៍ឈ្មោះដែលជនជាតិជប៉ុនជាច្រើនបានកសាងឡើងអស់រយៈពេលជាយូរឆ្នាំ។ ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយអំពីរឿងនេះណាស់ ។ ចំពោះសប្បុរសជន ដែលយកខ្ញុំជាតំណាងនឹងបន្តគាំទ្រ និងឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ដោយប្រើប្រាស់ថវិកា ដែលប្រមូលបាន និងគិតគូរពិភាក្សាតទៅមុខទៀត ថាគួរតែមានគម្រោងបែបណាសម្រាប់ការឧបត្ថម្ភដែលប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព»

ទន្ទឹមជាមួយគ្នា លោកស្រី សុខ ចាន់រឿន ក្រោយត្រូវបានសមាគម ពិសេសជនជាតិជប៉ុន រួមគ្នានាំយកថវិកាទៅសល់បំណុលអស់ហើយនោះ បានបង្ហាញអារម្មណ៍ធូរស្បើយ ទោះបីអារម្មណ៍របស់លោកស្រី នៅតែគិតជានិច្ច ចំពោះស្វាមីលោកស្រីក៏ដោយ ។ លោកស្រីថា “ខ្ញុំមានអារម្មណ៍ធូរស្បើយស្រួលនៅក្នុងខ្លួន ដោយគ្មានបារម្ភនិងគិតថាខ្ញុំមានបំណុលដែលត្រូវសងសងជារៀងរាល់ខែ។ ចំពោះរឿងជនជាប់ចោទទាំងពីររូបវិញ ខ្ញុំចង់បានតែយុត្តិធម៌សម្រាប់ស្វាមីខ្ញុំប៉ុណ្ណោះ» ។

សូមរំឭកថា កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ មានករណីប្លន់សម្លាប់ដ៏រន្ធត់មួយ ដោយជនជាតិជប៉ុន ២នាក់ ទី១ ឈ្មោះ ISHIDA REIMON និងទី២ ឈ្មោះ NAKAKUKI RYUJI បានប្លន់រថយន្ដ រហូតឈានដល់ការសម្លាប់ម្ចាស់រថយន្ដឈ្មោះ ហ៊ឹម ចាន់ នៅស្រុកពួក ខេត្តសៀមរាប។ ករណីឃាតកម្មដ៏ឃោឃៅនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាជនជប៉ុន សម្ដែងក្តីសង្វេគ និងរន្ធត់ជាខ្លាំងចំពោះទង្វើអគតិរបស់ជនជាតិជប៉ុនទាំង ២នាក់ ហើយក៏មានការសុំទោសពលរដ្ឋខ្មែរ ពីសំណាក់ប្រជាជនជប៉ុនទូទាំងប្រទេសផងដែរ៕