(ភ្នំពេញ)៖​ បន្ទាប់ពីបើកវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ និងសម្ពោធកាលបរិច្ឆេទជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មន្ដ្រីជំនាញកីឡាកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបំពេញសុបិនធ្វេីជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡា SEA Games និង ASEAN Para Games លើកដំបូងនាឆ្នាំ២០២៣ ។

ថ្លៃក្នុងពិធីបើកវេទិកាជាតិដែលធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) កាលព្រឹកមិញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ក្នុងរបាយការណ៍វឌ្ឍនភាពថា មកទល់ពេលនេះ ទាំងសកម្មភាពហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុក ការប្រកួតអន្ដរជាតិ និងការបណ្ដុះបណ្ដាលជំនាញជាដើម បាននឹងកំពុងដំណើរការយ៉ាងរលូន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ ។

ពិសេសលោកបានសង្កត់ធ្ងន់ថា «ក្នុងនាមប្រតិបត្តិករកីឡា ត្រៀមខ្លួនជាស្រេចក្នុងការបំពេញសុបិន្ដ ៥៤ឆ្នាំ ចាប់តាំងពី SEA Games លើកទី១ ឆ្នាំ១៩៥៩ ឲ្យក្លាយជាការពិត គឺជោគជ័យក្នុងនាមជាម្ចាសផ្ទះរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅកម្ពុជា ។ ព្រមទាំងក្ដីរំពឹងនៃការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការលាងសម្អាតភាពអសកម្មក្នុងសង្គម ដូចជាការធ្វើយុទ្ធនាការកម្ពុជាស្អាត “Cambodia Clean Up” ប្រជាជនម្នាក់ ហាត់កីឡាមួយមុខ “One People One Sport” ការកាត់បន្ថយគ្រឿងញឿន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរជាដើម»

ដោយឡែកព្រឹត្តិការណ៍កីឡា ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏បានអនុញ្ញាឲ្យរៀបចំ បន្ទាប់ពីព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០២៣ ផងដែរ ដែលគណៈកម្មាធិការជាតិរៀបចំ SEA Games ឬ CAMSOC បានបញ្ចូលព្រឹត្តិការណ៍កីឡាជនពិការនេះ ក្នុងយន្ដការគ្រប់គ្រងដឹកនាំតែមួយរបស់ CAMSOC សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ដូចនេះការបរិច្ឆេទការប្រកួត ASEAN Para Games 2023 នឹងរៀបចំកម្មវិធីបន្ទាប់ពីបានសេចក្ដីសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងរាជរដ្ឋាភិបាល ។ លោក វ៉ាត់ ចំរើន បន្ថែម ។

គួរបញ្ជាក់ថា វេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ បានធ្វើឡើងយ៉ាងអធិកអធម ក្រៅពីវត្តមានរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏មានមន្ដ្រីជំនាញ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញអន្ដរជាតិចូលរួមធ្វើបទបង្ហាញ ដើម្បីពង្រឹងយុន្ដការឆ្ពោះទៅរកភាពជោគជ័យនៅ SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ។ ចំពោះពិធីបិទវិញ គ្រោងនឹងធ្វើល្ងាចនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានចូលរួមរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC៕