(ភ្នំពេញ)៖ ទីបំផុតតារាចម្រៀងប្រុសសំឡេងមានទឹកដម ត្រូវចិត្តយុវជនលោក នី រតនា សម្រេចបានបំណងធំហើយ ក្រោយរៀបការប្រមាណជិត ១០ខែ ដោយភរិយារបស់លោកកំពុងពពោះកូនដំបូង។ លោកនី រតនា ហាក់សប្បាយរីករាយប្លែកពីសព្វមួយដង ដែលខ្លួនជិតក្លាយជាឪពុកគេក្នុងពេលខាងមុខហើយ ដោយក្នុងបណ្តាញសង្គម បានពោលរំភើបចេញពីក្នុងចិត្តថា «ទីបំផុតខ្ញុំក្លាយជាប៉ាគេហើយ»

ពិតណាស់ តារាចម្រៀងប្រុសម្ចាស់ពាន់រង្វាន់ Cambodian Idol រដូវកាលទី១ រូបនេះបានដឹកដៃភរិយាចូលរោងការនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ ដោយមានញាតិមិត្តជាច្រើនចូលរួម ប្រកបដោយស្នាមញញឹម ទាំងអ្នកសិល្បៈប្រុសស្រីល្បីៗ និងអ្នកជំនួញ។ ក្រោយរៀបការរួច លោកបាននាំភរិយា ជាទីស្រឡាញ់ ទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនក្នុងបណ្តាញសង្គមស្ទើរមួយចំហៀងប្រទេសច្រណែនគ្រប់គ្នាទៀតផង។ ក្រោយរៀបបានប្រមាណជិត១០ខែ ពេលនេះនី រតនា បានសម្រេចបំណងហើយ ដោយភរិយាកំពុងពពោះកូនក្នុងផ្ទៃរយៈពេល៣ខែ តែយ៉ាងណាគេមិនទាន់ដឹងនោះឡើយថា ជាបុត្រាឬបុត្រី។

ជាមួយនឹងដំណឹងនេះ ទស្សនិកជនជាច្រើនបានចូលរួមអបអរសាទរចំពោះគូស្វាមីភរិយាវ័យក្មេងមួយគូនេះ ព្រមទាំងជូនពរឲ្យភរិយាលោក នី រតនា និងកូនក្នុងផ្ទៃមានសុខភាពល្អផងដែរ៕