(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ ផ្តួចផ្តើមឡើងដោយ​សម្តេចព្រះអគ្គ​មហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ ក្រោមការសហការរៀបចំដោយក្រុមហ៊ុន៣ គឺ​ក្រុមហ៊ុន RF3 World Cambodia Co.,Ltd , ក្រុមហ៊ុន Phalitakam mohahang Co.,Ltd និងក្រុមហ៊ុន All That Once Co.,Ltd. ដើម្បីស្វែងរកថវិកាជួយដល់មូលនិធិគន្ធបុប្ផា ត្រូវបានសម្តេចព្រះអគ្គ​មហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រគល់ជូនដល់មូលនិធិនៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងវត្តឧណ្ណាលោម រួមជាមួយនឹងមន្ត្រីសង្ឃ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

ពិធីប្រគល់ថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា មានសមាសភាព​ចូលរួមដូចជា លោកបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាង​របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា, លោក យោគ សាមឌី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា, លោកស្រី វ៉ាន់ អជីត្តា ប្រធានផ្នែកហិរញ្ញវត្ថុនៃលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា,លោក ទុំ រ៉ា មន្ត្រីរដ្ឋបាលនៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។

ដោយឡែកសម្រាប់អ្នក​ចូលរួមសហការរៀបចំកម្មវិធី ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ មានវត្តមានសម្តេចព្រះអគ្គ​មហាសង្ឃរាជាធិបតី​កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស, ក្រុមហ៊ុន អអេហ្វ៣ វើលដ៍កម្ពុជា​ និងតំណាងក្រុមហ៊ុន មហាហង្ស​។

ថវិកាដែលបានមកពីកម្មវិធី ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ មានចំនួន ៤០លានរៀល ត្រូវបានសម្តេចព្រះអគ្គ​មហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស​ ផ្ដល់កិត្តិយសធ្វើការប្រគល់ដោយផ្ទាល់ព្រះសហ្ថព្រះអង្គ ហើយក្នុងនោះក៏មានការប្រគល់ និងទទួលនូវបណ្ណសរសើរ ដ​ល់អ្នកដែលមានស្នាដៃ ក្នុងការចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ​ផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ ក្រុមបាល់ទាត់មហាហង្សរបស់លោក អ៊ិន សុភិន ដែលប្រមូលផ្តុំដោយតារាប្រុសល្បីៗជាច្រើនដួង បានចាប់ដៃប្រកួតមិត្តភាពជាមួយនឹងក្រុមបាលទាត់ថៃ ដើម្បីស្វែងរកមូលនិធិជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា។ ជាលទ្ធផល ក្រុមតារាកម្ពុជា បានយកឈ្នះក្រុមតារាថៃ ៥-៤​ ហើយការ​ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ ផ្តួចផ្តើមឡើងដោយ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាំ គណៈមហានិកាយ៕