(ម៉ាឌ្រីដ)៖ កីឡាករខ្សែការពារកណ្តាល Sergio Ramos នឹងបំបែកកំណត់ត្រាក្រុមជម្រើសជាតិពីការចូលលេងបាន ចំនួន ១៦៧ប្រកួតច្រើនជាងកីឡាករអ្នកចាំទី Iker Casillas នៅពេលដែលក្រុមគោជល់អេស្ប៉ាញ ប៉ះជម្រើសជាតិន័រវេ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ក្នុងជម្រុះ Euro 2020។

បើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ខ្សែការពារមកពីក្លឹបក្នុងស្រុក Real Madrid ខាងលើនេះ បានតាមទាន់កំណត់ត្រាចូលលេងបាន ១៦៧ប្រកួតស្មើនឹងមិត្តរួមជាតិ Iker Casillas រួចទៅហើយ នៅពេលដែលអេស្ប៉ាញបានបំបាក់ក្រុមភ្ញៀវកោះហ្វារ៉ូ នៃវគ្គជម្រុះ Euro 2020 កាលពីចុងសប្តាហ៍មុន និងត្រៀមបំបែកកំណត់នេះ ពេលគេបានចូលលេងក្នុងជំនួបដែលអេស្ប៉ាញ ប៉ះន័រវេសនាខែតុលា ឆ្នាំ២០១៩ គ្រាដែល Iker Casillas ដែលកំពុងប្រកបអាជីពនៅក្លឹប FC Porto បានបញ្ចប់ត្រឹម ១៦៧ប្រកួតនោះ។

កីឡាករខ្សែការពារឆ្នើមដែលមិនអាចខ្វះបានក្នុងក្លឹប Real Madrid នេះ បានចាប់ផ្តើមលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ រយៈពេល ១៤ឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន ដោយរកបាន ២១គ្រាប់ពីការចូលលេងបាន ១៦៧ប្រកួត ដោយជួយខ្លាំងនៅអឺរ៉ុបមួយនេះឈ្នះជើង World Cup ម្តងក្នុងឆ្នាំ២០១០ និងពានអឺរ៉ុប Euro ចំនួន ២ដងក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២។

សូមបញ្ជាក់ផងថា បច្ចុប្បន្នខ្សែការពារ Sergio Ramos បន្តរកបាន ៤គ្រាប់ក្នុងការប្រកួតវគ្គជម្រុះប្រចាំពូល F ក្នុងចំណោម ៦ប្រកួតនៅវគ្គជម្រុះ Euro 2020៕