(ភ្នំពេញ)៖ មានស្នាដៃចម្រៀងមរតដើមរបស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត មិនតិចនោះទេ ដែលត្រូវបានបន្សល់ទុកឲ្យ​កូនចៅខ្មែរជំនាន់ក្រោយស្តាប់ និងរាំលេងកំសាន្ត និងត្រូវបានច្រៀងឡើងវិញ ដោយសិល្បករ-សិល្បការិនីជំនាន់ថ្មី។ មិនតែប៉ុណ្ណោះ បទចម្រៀងទាំងនោះ នៅតែពេញនិយមសម្រាប់ទស្សនិកជន ដែលចូលចិត្តស្តាប់បទមរតដើម ព្រមទាំងត្រូវបានបងប្អូនខ្មែរចាក់ស្តាប់គ្រប់ទិសទីផងដែរ។ យ៉ាងណាមិញ ដើម្បីជាការកត់ត្រានូវប្រវត្តិក៏ដូចជាស្នាដៃ របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផលិតករបរទេសដ៏ល្បីមួយរូប បានចងក្រងផលិតជាភាពយន្តមួយ មានចំណងជើងថា «Elvis Of Cambodia» ដែលបង្ហាញពីពីវីរះភាព និងភាពល្បីល្បាញរបស់តារាចម្រៀងកម្ពុជា ស៊ិន ស៊ីសាមុត។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ ដើម្បីពិភាក្សាអំពីគម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ «Elvis Of Cambodia» ដែលជាភាពយន្តឯកសារបង្ហាញពីវីរះភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងបានផ្តល់លិខិតគាំទ្រផ្លូវការរបស់ក្រសួង ចំពោះគម្រោងដ៏មានសារសំខាន់នេះផងដែរ។ នេះបើតាមប្រភពពីផេក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យ៉ាងណាមិញ ជាមួយនឹងគម្រោងផលិតភាពយន្ត «Elvis Of Cambodia» ដែលនិយាយពីវីរះរបស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត ពេលនេះ បានធ្វើឲ្យទស្សនិកជន ដែលនិយមតាមដានទស្សនិកជនខ្សែភាពយន្តប្រភេទឯកសារពេញចិត្តយ៉ាងខ្លាំង ព្រោះពួកគេចាត់ទុកថា នេះជាអនុស្សាវរីយ៍ពិសេសមួយ សម្រាប់ឲ្យតារាចម្រៀងជំនាន់ក្រោយ បានដឹងថា តើតារាចម្រៀងសំឡេងមាសរបស់កម្ពុជា ស៊ិន ស៊ីសាមុត បានធ្វើអ្វីខ្លះលើវិថីសិល្បៈ ហើយថាតើ ប្រវត្តិជីវិតរបស់លោកយ៉ាងណានោះ?