(ភ្នំពេញ)៖ ក្រុមហ៊ុន CBS ដែលរួមមានទូរទស្សន៍ CTN, MyTV និង CNC ផងនោះ បានឈ្នះសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ (Live) ព្រឹត្តិការណ៍លីគបាល់ទាត់លំដាប់ពិភពលោក La Liga ពីប្រទេសអេស្ប៉ាញនៃរដូវកាលថ្មីឆ្នាំ ២០១៩-២០២០ នេះ។

ដូចសព្វមួយដង លីគកំពូលប្រចាំប្រទេសអេស្ប៉ាញ ដែលមានឈ្មោះពេញថា La Liga Sandander នោះ តែងតែមាន ២០ក្រុមខ្លាំងៗចូលរួមដោយធ្វើការប្រកួតប្រជែងលើវាលស្មៅនៅចន្លោះខែសីហា និងបញ្ចប់ទៅវិញនាចុងខែឧសភា នៃរដូវកាលនីមួយៗ និងជាលីគបាល់ទាត់ដ៏ល្បីឈរនៅលំដាប់លេខ២ កម្រិតពិភពលោកដែលមានអ្នកទស្សនាផ្ទាល់ ច្រើនជាងគេផងដែរ។

បន្ថែមលើនេះ ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះមានអ្នកចូលរួមទស្សនាផ្ទាល់ជាមធ្យមប្រមាណ ២៦៩៨៣នាក់ និងច្រើនបំផុតរហូតដល់ទៅ ៩៣២៦៥នាក់ ជាលីគនៅអឺរ៉ុបដ៏មានប្រជាប្រិយភាពដែលទទួលបានការទស្សនាច្រើនផងដែរនៅទូទាំងពិភពលោក។

La Liga រដូវកាលថ្មីដែលចាប់ផើ្តមប្រកួតពីខែសីហា ឆ្នាំ២០១៩ និងបញ្ចប់ទៅវិញចុងខែឧសភា ឆ្នាំ២០២០ ដែលតែង តែចាប់ផ្តើមប្រកួតរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នីមួយៗមានផ្សាយបន្តផ្ទាល់នៅកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC តែមួយគត់៕