(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi បានថ្លែងបញ្ជាក់ថា រូបគេនឹងបន្តរួមជាមួយក្លឹប FC Barcelona លុះដល់ថ្ងៃលេងលែងកើត ដ្បិតកិច្ចសន្យាចាស់របស់កីឡាករអាហ្សង់ទីរូបនេះនឹងផុតកំណត់ដល់ឆ្នាំ២០២១ និងនៅតែចិញ្ចឹមចិត្តចង់បានអតីតមិត្តរួមក្រុម Neymar មកចូលរួមក្រុមវិញដដែល។

ប្រធានក្រុម Barcelona ខាងលើនេះបានថ្លែងប្រាប់កាសែតអេស្ប៉ាញ Spanish newspaper Sport ថា «តាមគំនិតខ្ញុំ គឺចង់បន្តលេងនៅទីនេះតាមដែលអាចធ្វើទៅបាន ដោយអនុលោមទៅតាមរាងកាយអំណោយផលរបស់ខ្ញុំផងដែរ។ FC Barcelona ប្រៀបបីជាផ្ទះរបស់ខ្ញុំអីចឹង ខណៈខ្ញុំមិនដែលមានគម្រោងចាកចេញទេ ដោយបន្តប្រកួតប្រជែង និងឈ្នះពានជាមួយក្លឹបទៀត»

បន្ថែមលើនេះ កីឡាករវ័យ ៣២ឆ្នាំ Messi ក៏ទទូចសុំ Neymar វិលមករួមរស់ជាមួយគ្នាក្នុងក្លឹបស្ថិតនៅតំបន់ Catalan នៃប្រទេសវិញផងដែរ បន្ទាប់ពីចំណាយពេល ៤ឆ្នាំលេងនៅទឹកដី Camp Nou ជាមួយគ្នា មុនចាកចេញនៅឆ្នាំ២០១៧ ទៅកាន់ក្លឹបជើងឯកបារាំង Paris Saint-Germain ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាផ្ទេរក្នុងតម្លៃ ២២២លានអឺរ៉ូ។

យ៉ាងណាក៏ដោយ កីឡាករដែលបានចូលរួមជាមួយ FC Barcelona កាលពីឆ្នាំ២០០១ ក៏បានបដិសេធចំពោះការលើកឡើងរបស់មិត្តរួមក្រុមក្នុងក្លឹប ថារូបគេស្នើឲ្យថ្នាក់ដឹកនាំក្លឹបបញ្ចុះបញ្ចូល Neymar ជាថ្នូរនឹងការផ្ទេរមិត្តរួមក្រុមឯ ទៀតទៅ Paris វិញដែរដោយបានលើកឡើងយ៉ាងខ្លីថា «នេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ ថាតើវត្តមានរបស់គាត់ធ្វើឲ្យក្លឹបប្រសើរឡើង ឬយ៉ាងណានោះទេ ហើយខ្ញុំនៅតែរក្សាជំហរថា ក្នុងការនិយាយថា ត្រូវតែនាំគាត់ត្រឡប់មកវិញនោះដែរ»