(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិកាណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើតាមការឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

វេទិកានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC ហើយក៏ដូចជាមានការចូលរួមធ្វើបទបង្ហាញពីមន្ដ្រីចលនាអូឡាំពិកម៉ាឡេស៊ី និងអូស្ដ្រាលី រួមទាំងមន្ដ្រីពាក់ព័ន្ធ ដែលត្រូវទទួលបន្ទុក និងអនុវត្តការងារក្នុងទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់ទៀតផង។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រក្នុងការរាប់ថយក្រោយ ដើម្បីសម្ពោធបើកកាលបរិច្ឆេទផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។ នាឱកាសនោះ ក៏នឹងមានការសម្ដែងសិល្បៈ កីឡាបុរាណខ្មែរ កីឡាទំនើប និងការទូងស្គរជ័យ និងបាញ់កាំជ្រួចផ្កាភ្លើង ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះទៀតផង។

សូមបញ្ជាក់ថា វេទិកាជាតិខាងលើ គ្រោងធ្វើ ១ថ្ងៃពេញនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងត្រៀមរៀបចំស៊ីហ្គេម ដោយក្រៅពីសម្ពោធបើកកាលបរិច្ឆេទផ្លូវការកីឡាស៊ីហ្គេម លើកទី៣២ ក៏នឹងមានការធ្វើបទបង្ហាញពីមន្ដ្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញផែនការសកម្មភាពកីឡាស៊ីហ្គេម ឆ្ពោះទៅរកភាពជោគជ័យ ពិសេសការធ្វើបទបង្ហាញស្ដីពី «ប្រជាជនម្នាក់លេងកីឡាមួយមុខ ឬ One People One Sport» ស្របតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីតែម្ដង៕