(ភ្នំពេញ)៖ កំពូលតារាចម្រៀងល្បីឈ្មោះ លំដាប់ប្រទេសគឺ លោក ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសសំណព្វចិត្ត ទាំង៣រូបរបស់លោក ទៅសម្ដែងនៅឯក្រៅប្រទេសជាមួយនឹង តារាមច្រៀងជាច្រើនដួងទៀត តាមរយៈការឧបត្ថម្ភ ពីលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ខណៈការចេញដំណើរទៅកូរ៉េលើកនេះ គឺជាលើកទីពីរហើយ សម្រាប់តារាចម្រៀង លោក ព្រាប សុវត្ថិ និងកម្លោះសង្ហារដែលជាកូនប្រុសទាំង៣របស់លោក។

អាចនិយាយបានថា ការចេញដំណើរចេញទៅសម្ដែង ឲ្យបងប្អូនដែលរស់នៅតាមបណ្ដាប្រទេសនានា គឺជាធម្មតាទៅហើយសម្រាប់កំពូលតារាចម្រៀងលំដាប់ ប្រទេស គឺលោក ព្រាប សុវត្ថិ ខណៈជារឿយៗលោកតែងតែត្រូវបានស្ពន់ស័រនានា អញ្ជើញឲ្យទៅសម្ដែងនៅឯក្រៅប្រទេសជាមួយនឹងកូនៗសំណព្វចិត្តទាំងបីដួងផងដែរ។ ដោយឡែក សម្រាប់ការចេញដំណើរទៅកូរ៉េលើកនេះ លោកព្រាប សុវត្ថិ បានឲ្យដឹងថា វាជាលើកទីពីរហើយ ដែលលោកបានទៅសម្ដែងឲ្យបងប្អូនខ្មែរយើង ដែលរស់នៅក្នុងទឹកដីនៃប្រទេសកូរ៉េ បានទស្សនា ក៏ដូចជាកម្សាន្ត និងរាំលេងសប្បាយ ជាមួយនឹងតារាចម្រៀងជាច្រើនដួងទៀត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានថ្លែងប្រាប់ Fresh News មុនចេញដំណើរនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក និងកូនប្រុសទាំង៣ បានចេញទៅសម្ដែងនៅឯប្រទេសកូរ៉េខាងត្បូង ដែលនេះគឺជាលើកទីពីរហើយ សម្រាប់លោក និងកូនៗ ដែលត្រូវបានអញ្ជើញ ។ លោកថាសម្រាប់ការចេញទៅសម្ដែងនៅកូរ៉េលើកទីពីរនេះ គឺមានទ្រង់ទ្រាយធំជាងការពីលើកទីមួយ ខណៈដែលមានអ្នកសិល្បករ សិល្បការិនី និងមានក្រុមភ្លេង ដែលធ្វើឲ្យការសម្ដែងបានកាន់តែល្អ និងដើម្បីឲ្យបងប្អូនដែលបានទស្សនានៅទីនោះ សប្បាយចិត្តក្នុងការចូលរួម។

លោក ព្រាប សុវត្ថិ បានបន្តទៀតថា សម្រាប់លោក និងកូនប្រុស គឺបានត្រៀមនូវបទចម្រៀងប្រមាណជាង២០បទ សម្រាប់ចែកជូនដល់ទស្សនិកជន ដោយមានទាំងចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ និងបទចម្រៀងដែលជាចង្វាក់ប្រពៃណី សម្រាប់ឲ្យបងប្អូនបានរាំលេងសប្បាយនាឱកាសនោះ។

តារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជារូបនេះ ក៏បានសំណូមពរ ដល់បងប្អូនខ្មែរយើង ដែលរស់នៅប្រទេសកូរ៉េ ឲ្យចូលរួមទស្សនា ឲ្យបានច្រើន ក្នុងការសម្ដែង និងដើម្បីឲ្យបងប្អូនដែលនៅកូរ៉េ និងប្រជាជនកូរ៉េ បានដឹង បានស្គាល់ថា សិល្បៈខ្មែរ គឺមានការរីកចម្រើនខ្លាំងកម្រិតណា។

គួរជម្រាបថា ការចេញទៅសម្ដែងនៅប្រទេសកូរ៉េ ក្រោមការដឹកនាំរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា គឺមានតារាចម្រៀងជាច្រើនដួង ដែលមានវត្តមាន ក្នុងនោះមានដូចជា លោក ព្រាប សុវត្ថិ និងកូន ទាំង៣ គឺកូនប្រុសច្បង សុវត្ថិ មុន្នីវណ្ណ, កូនទី២ សុវត្ថិ មុន្នីនាគ, និងកូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ, លោក ខេម, កញ្ញា អ៊ីវ៉ា, លោក ប៉ែន ចំរុង, ក្រុមចចកសមុទ្រ, លោក គូម៉ា និងតារាល្បីៗផ្សេងទៀតផងដែរ៕