(ភ្នំពេញ)៖​ ​តារាសម្ដែងរូបសង្ហារត្រេមុខ ស្រដៀងតារាថៃលោកហុង មានុន ហៅឆានុន បានលើកដៃលាសង្សារសំណព្វចិត្ត គឺកញ្ញា ម៉ូលីកា ទៅសាងផ្នួសនៅវត្តមួយ នៅខេត្តបាត់ដំបង នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះ។ ក្រោយកោសក់អស់ពីក្បាលហើយគ្រងចីវរ ក្លាយទៅជាលោកសង្ឃនោះ លោកឆានុន ត្រូវបានកញ្ញា ម៉ូលីកា មិនហ៊ានឈរកៀកកើយ ដូចកាលមិនទាន់បួសទេ ហើយពីមុននាងធ្លាប់តែហៅ ​ឆានុន ថា «បងសម្លាញ់ៗ» នោះពេលនេះប្រែរជាហៅថា «លោកបងៗ» វិញម្ដង។

ការសាងផ្នួសរបស់តារាសម្ដែង ឆានុន នៅពេលនេះចំពេលដែលមុនេះមានព័ត៌មានថា ស្នេហាលោកជាមួយកញ្ញា ម៉ូលីកា ជួបភាពរង្គោះរង្គើរ តែពួកគេទើបបានផ្សះផ្សារស្នេហ៍ដូចដើម កាលពីពេលថ្មីៗនេះ ស្រាប់តែឥឡូវលោកឆានុន ទៅសាងផ្នួសចោលម៉ូលីកា ទៅវិញទើបធ្វើឲ្យមានការសង្ស័យថា តារាសម្ដែងរូបនេះទៅសាងផ្នួសអស់មួយជីវិត ដោយលែងចង់រវីរវល់ និងរឿងស្នេហាទៀតហើយ។

​កញ្ញា ម៉ូលីកា និយាយយ៉ាងខ្លីថាលោកឆានុន ពិតជាបានសាងផ្នួស កាលពីព្រឹកថ្ងៃទីថ្ងៃពុធទី១១ខែកញ្ញា ​នេះមែន តែមិនមែនបួសដោយសាររឿងស្នេហាខកបំណង ឬបួសមិនសឹកវិញនោះទេ គឺបួសដើម្បីសងគុណម្ដាយ ហើយមានរយៈពេលខ្លីប៉ុណ្ណោះ។

ម៉ូលីកា បញ្ជាក់ថា «អូ! គាត់បួសមែនតើ នៅព្រឹកមិញ(១១កញ្ញា)ហ្នឹង។ មិនមែនគាត់បួសរហូតទេ គឺបួសរយៈពេលតែ៣ថ្ងៃហ្នឹង ហើយនឹងលាចាកសិក្ខាបទវិញនៅថ្ងៃទី១៣កញ្ញាខាងមុខនេះវិញហើយ។ លោកបងឆានុន គាត់បួសហ្នឹង គឺដើម្បីសងគុណម្ដាយ មិនពាក់ព័ន្ធរឿងអ្វីផ្សេងៗទាំងអស់»

​តារាសម្ដែងឆានុន បានលេចមុខថតភាពយន្ដឲ្យផលិតកម្មមួយចំនួន ហើយក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍ អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកទាំងពីរធ្លាប់មានប្រវត្តិតស៊ូកម្សត់ ជាមួយគ្នាជាច្រើនទៀតផង ដូចជាមានទុកត្រឹមតែ៣០០ដុល្លា ផ្ដើមរកស៊ីលក់ជើងមាន់តាម Online ហើយលោក ឆានុន ជាអ្នកដឹកអ៊ឺវ៉ាន់តាមម៉ូតូយកឲ្យភ្ញៀវ។ ប៉ុន្ដែរការព្យាយាមរបស់ពួកគេ មិនឥតប្រយោជន៍ឡើយព្រោះនៅទីបំផុតម៉ូលីកា-ឆានុន បានសម្រេចគោលដៅធំបើកហាងរក្សារសម្រស់ «ម៉ូលីកា ខូស្មិកទិក» ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លា និងបានទិញរថយន្ដទំនើបដល់ទៅ២គ្រឿងគឺ Lexus Rx450h និង Range Rover ទៀតផង ខណៈដែលមុនទៅសាងផ្នួសនេះលោឆានុន ក៏បានបណ្ដើរម៉ូលីកា ទៅរកមើលទិញផ្ទះវីឡាផងដែរ​។

ការដែលលោកឆានុន លាគូស្នេហ៍កញ្ញាម៉ូលីកា ៣ថ្ងៃ ដើម្បីទៅសាងផ្នួសសងគុណម្ដាយនេះ គឺជាសកម្មភាពល្អមួយ ខណៈដែលមុននេះតារាសម្ដែងជើងចាស់សាវិន ហ្វីលីព បានផ្ដាំដល់យុវជនទាំងឡាយថា បើអាចគូតែឆ្លៀតសាងផ្នួសរយៈពេលខ្លី ដើម្បីសងគុណឪពុកម្ដាយ ព្រោះនេះជាទង្វើរល្អមួយរបស់កូនខ្មែរ។

​តាមព័ត៌មានថា ក្រោយលាចាកសិក្ខាបទលោកឆានុន នឹងបន្ដរប្រឡូកអាជីពសម្ដែងដូចមុន ហើយចំពោះគម្រោងដឹកដៃ កញ្ញា ម៉ូលីកា ចូលរោងការនោះ កន្លងមកអតីតតារាចម្រៀង Rock រូបនេះ ធ្លាប់បានបង្ហើបថានាង និងសង្សារអាចរៀបការនៅឆ្នាំ២០២០ឬ២០២១ ខាងមុខនេះហើយ៕